កម្ពុជា ទទួលបានភ្ញៀវទេសចរជិត ៩០ម៉ឺននាក់ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន
ភ្នំពេញ៖ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជា ទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះមានភ្ញៀវជាតិប្រមាណ ៨៨០.៥៥៣នាក់ កើនឡើង ៦,០៥% បើនឹងធៀបឆ្នាំ២០២០ និងភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ ១២.០៨៥នាក់ ថយចុះ ៨៥,៤០%។
ក្រសួងទេសចរណ៍ បញ្ជាក់ថា ជាការគួរកត់សម្គាល់លើចំណុចសំខាន់ៗប្រចាំថ្ងៃកន្លងមក ដោយសារពិធីបុណ្យប៉ះចំចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរភ្ញៀវទេសចរផ្ទៃក្នុងមានភាពផុសផុលទូទាំងប្រទេស ហើយបងប្អូនប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តក្នុងស្រុកច្រើន (ដោយសារយើងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បាន)។
ទន្ទឹមនឹងនេះ ក៏នៅមានបងប្អូនប្រជាពលរដ្ឋខ្លះ នៅមិនទាន់ត្រលប់ចូលមករាជធានីភ្នំពេញវិញទេ ហើយអាជីវកម្មមួយចំនួនក៏នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយតាមទំលាប់បងប្អូនដែលជាប់ខ្សែស្រឡាយចិន ពួកគាត់ច្រើននៅបន្តដើរកម្សាន្តរហូតដល់ថ្ងៃស្អែកមួយថ្ងៃទៀត។
តាមការវាយតំលៃបឋម៖ ការចំណាយរបស់ភ្ញៀវទេសចរ ហាក់មានកម្រិតទាបជាងពេលឈប់សម្រាកកន្លងមក ដោយពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តនៅគោលដៅជិតៗ ចេញទៅពេលព្រឹក ហើយតត្រឡប់មកវិញពេលល្ងាច) ការដើរកម្សាន្តជាក្រុមគ្រួសារ និងខ្លះទៀតបានរៀបចំម្ហូបអាហារដែលសល់ពីការសែនមកតាមខ្លួនខ្លះ។
ទោះយ៉ាងណា លំហូរភ្ញៀវទេសចរទៅគ្រប់គោលដៅទេសចរណ៍នៅតាមបណ្តារាជធានីខេត្ត នៅតែជាចលករសំខាន់ក្នុងការទ្រទ្រង់វិស័យទេសចរណ៍មួយផ្នែក និងបង្កើតប្រាក់ចំណូលទៅដល់បងប្អូនប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនផងដែរ។
គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានីខេត្ត។ ប៉ុន្តែ នៅតាមគោលដៅទេសចរណ៍ដែលបងប្អូនសម្រុកទៅកម្សាន្តច្រើនក្នុងពេលតែមួយ នៅមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយ។
ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់៖ ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។ បញ្ហាសំរាម គ្រប់គ្រងបានល្អជាងមុន តែនៅតែមានបញ្ហានៅកន្លែងមួយចំនួននៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។