អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​មាន​ប្រធាន​ថ្មី ជា​ស្ត្រី​ជនជាតិ​ស្បែក​ខ្មៅ​

​ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ជាច្រើន​ជាច្រើនលើក ទីបំផុត លោកស្រី Ngozi Okonjo-Iweala ត្រូវបាន​ជ្រើសរើស​ឲ្យ​ក្លាយជា​ប្រធាន WTO ជា​ផ្លូវការ ក្នុងនាម​ជា​ស្ត្រី​ដំបូង​ប្រចាំ​ទ្វីបអាហ្វ្រិក​។​

​អំឡុងពេល​នៃ​កិច្ចប្រជុំ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​នៅ​ថ្ងៃ​ចន្ទ​នេះ សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) ដែលមាន​ចំនួន ១៦៤​នាក់ បានសម្រេច​ជ្រើសរើស​ជា​ឯកច្ឆន្ទ ឲ្យ​អតីតរដ្ឋមន្ត្រី​នៃ​ក្រសួង​ហិរញ្ញវត្ថុ​នី​ហ្សេ​រី​យ៉ា និង​ជា​អតីត​អ្នកជំនាញ​ជើងចាស់ នៃ​ធនាគារពិភពលោក (World Bank) វ័យ ៦៦​ឆ្នាំ គឺ​លោកស្រី Iweala កាន់តំណែង​ជា​អគ្គនាយក​របស់ខ្លួន សម្រាប់​អាណត្តិ​រយៈពេល ៤​ឆ្នាំ​។​

​គួរ​បញ្ជាក់ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន (Joe Biden) បាន​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​បេក្ខភាព​របស់លោក​ស្រី ង៉ូ​ហ្ស៊ី បន្ទាប់ពី​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េខាងត្បូង លោកស្រី យ៉ូ ម្យុ​ង​ហ៊ី (Yoo Myung-hee) បាន​ដកខ្លួន​ចេញពី​ការប្រកួតប្រជែង​។ ក្រោយ​ទទួលបាន​ការគាំទ្រ​ពី​រដ្ឋបាល​របស់លោក Biden លោកស្រី Okonjo-Iweala បាន​ថ្លែង​កាលពី​ថ្ងៃទី​០៦ ខែកុម្ភៈ​កន្លងទៅនេះ​ថា «​ខ្ញុំ​ទន្ទឹងរង់ចាំ​ការបញ្ចប់​ដំណើរការ​នេះ​»​។​

​សម្រាប់​អង្គការ WTO វិញ​ក៏មាន​សេចក្តីត្រេកអរ​ផងដែរ ក្នុងការ​បញ្ចប់​ដំណើរការ​ជ្រើសរើស​នេះ ព្រោះ​ខ្លួន​គ្មាន​អ្នកដឹកនាំ ចាប់តាំងពី​អ្នកការទូត​ប្រេ​ស៊ី​ល លោក រ៉ី​ប៊ឺ​តូ អា​ហ្សេ​វែ​ដូ (Roberto Azevedo) បាន​លាឈប់​កាលពី​ខែសីហា ឆ្នាំ​២០២០ មកម្ល៉េះ ពោលគឺ​លោក​បាន​លាឈប់​មុន​កាលកំណត់​មួយឆ្នាំ​។​

​តាមពិតទៅ ដំណើរការ​នៃ​ការជ្រើសរើស​បេក្ខជន​ម្នាក់ ក្នុងចំណោម​ប្រាំបី​នាក់ ដើម្បី​ទទួលបាន​ជោគជ័យ​ត្រូវបាន​គេ​រំពឹងថា បញ្ចប់​តែងតាំង​កាលពី​ខែវិច្ឆិកា​កន្លងទៅនេះ​ម្ល៉េះ ប៉ុន្តែ​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​រារាំង​ការឯកភាព​គ្នា​ក្នុងការ​តែងតាំង​លោកស្រី Okonjo-Iweala ទើប​ធ្វើ​ឲ្យ​មានការ​ពន្យារពេល រហូតមកទល់​ពេលនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close