អាជ្ញាធរ​ជាតិ​អប្សរា ក្រុង​ពលី​ជួសជុល​ខ្លោងទ្វារ​ខាងលិច នៃ​ប្រាសាទចៅស្រីវិបុល​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ បានរៀបចំ​ពិធី​ប្រុង​ពលី សែនព្រេន បួងសួង​សុំ​សេចក្តីសុខ​ចម្រើន ដើម្បី​រុះរើ​ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទចៅស្រីវិបុល​មុននឹង​ជួសជុល​ឱ្យ​ដំណើរការបាន​រលូន សុវត្ថិភាព និង​ជោគជ័យ​ក្នុងការ​បំពេញការងារ​អ​ភ​រិ​ក្ស​សម្បត្តិ​ដូនតា​។​

​តាម​ការបញ្ជាក់​របស់​ឯកឧត្តម គឹម សុ​ធិ​ន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា ខ្លោងទ្វារ​ខាងលិច​នេះ គឺ​រង​នូវ​ការខូចខាត​ដោយសារ​អាយុកាល ធម្មជាតិ និង​ការបំផ្លាញ​របស់​មនុស្ស​ក្នុងសម័យ​សង្គ្រាម​ផង ធ្វើឱ្យ​រលុះ​រចនា​សម្ពន្ធ​សំណង់​ខូច​រូបរាង​ខ្លោងទ្វារ​។ កិច្ចការ​ដំបូង ក្រុមការងារ​នឹង​រុះរើ​សំណង់​ខ្លោងទ្វារ​នេះ​សិន រួច​ទើប​ដំណើរការ​ជួសជុល​ឱ្យ​ស្របតាម​បទដ្ឋាន​ធម្មនុញ្ញ​អង្គរ​។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម​អគ្គនាយករង ក៏បាន​ណែនាំ​ដល់​ក្រុមការងារ ឆ្មាំ ពលករ​ទាំងអស់​ឱ្យ​ខិតខំ​បំពេញការងារ​ឱ្យបាន​ល្អប្រសើរ​ក្នុងនាម​ជា​អ្នកជំនាញ​ថែរក្សា​អង្គរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close