បង្គា​ចាក់​ចាហួយ​ជាង ១​តោន ត្រូវបាន​ដុត​កម្ទេចចោល​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុមការងារ​ចំពោះ​កិច្ច ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បានធ្វើ​ការដុត​កម្ទេច​ចោល បង្គា​ក្លាស្សេ​មាន​ចាក់​ចាហួយ​បន្ថែម​សរុប​ចំនួន ៥៦​កេស ស្មើនឹង ១០០៨​គីឡូក្រាម នៅ​ទីលាន​ចាក់សម្រាម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

សូមបញ្ជាក់​ផងដែរ​ថា ធ្វើឡើង​នៅ​យប់​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រោម​ការចង្អុលបង្ហាញ​ពី ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ និង​ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​» ព្រមទាំង​មានការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​ផងដែរ​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា រថយន្ត​ទាំង​២​គ្រឿង ត្រូវបាន​ស្ទាក់​ចាប់បាន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភ្លាមៗ​នោះ​មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​នាំយក​រថយន្ត​ទាំង​២​គ្រឿង​ខាងលើ​ដែល​សង្ស័យ​មាន​បង្គា​ក្លាស្សេ​ចាក់​បន្ថែម​ចាហួយ មក​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ធ្វើការ​វិភាគ​នៅ​នាយកដ្ឋាន​មន្ទីរពិសោធន៍​។

​តាម​ការអះអាង​បឋម​ពី​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ទាំង​២​គ្រឿង​នេះ បានឱ្យដឹងថា ទំនិញ​ជា​គ្រឿង​សមុទ្រ រួមមាន​បង្គា​កា​ស្សេ និង​ក្តាម សរុប​ចំនួន ៦៥០​កេស នៅលើ​រថយន្ត​ទាំង​២​ខាងលើ មាន​ប្រភព​នាំ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក និង​ពុំមាន​ឯកសារ​ភ្ជាប់​មកជា​មួយ​ទេ​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បា​នរក​វត្តមាន​បង្គា​ក្លាស្សេ​មាន​ចាក់​បន្ថែម​ចា​ហ៊ួ​យ ចំនួន ៥៦ កេស ស្មើ ១០០៨​គីឡូក្រាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close