កម្ពុជា និង​អាមេរិក ពិភាក្សា​ពី​លទ្ធភាព​ក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប ឯកឧត្តម W. Patrick Murphy អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​សហរដ្ឋអាមេរិក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​។​

​ជាការ​ចាប់ផ្ដើម ឯកឧត្តម​រដ្ឋមន្ត្រី​បានលើកឡើង​អំពី​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដែល​ទោះជា​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​របៀបរបប​រស់​នៅ​របស់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅតែមាន​ការកើនឡើង​កាលពី​ឆ្នាំ​កន្លងទៅ​។
​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​រំលឹក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​កិច្ចការពារ​កម្មសិទ្ធិបញ្ញា ដែល​ប្រទេស​ទាំង​ពីរបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៩៦ កន្លងទៅ ដែល​ក្រោយមក​វិស័យ​កម្មសិទ្ធិបញ្ញា​មានការ​រីកចម្រើន​ច្រើន​គួរឱ្យកត់សម្គាល់ ដែល​ថ្មីៗ​នេះ​កម្ពុជា​បាន​ចូល​និង​កំពុង​សិក្សា​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​សំខាន់ៗ​ជាច្រើន​ទៀត ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ក្នុង​ការបន្ត​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដែល​ថ្មីៗ​នេះ បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​ព័ត៌មាន (CamDX) សំដៅ​សម្រួលការ​ចុះបញ្ជី​ព​អាជីវកម្ម និង​ទាក់ទាញ​វិនិយោគ​បន្ថែមទៀត​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ដ្រី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សា​ផងដែរ​អំពី​លទ្ធភាព​ក្នុងការ​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្ថែមទៀត ការរៀបចំ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យ​ឌីជីថល ការងារ​អាទិភាព​ផ្សេងទៀត​ពាក់ព័ន្ធ​នឹង​ការត្រៀមខ្លួន​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​បញ្ជាក់​ជាថ្មី​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close