គណបក្សប្រឆាំងថៃ ក្នុងសភាទាមទារបោះឆ្នោត ផ្តល់ទំនុកចិត្តលើនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា
សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១បានផ្សាយថា សមាជិកសភាមកពីគណបក្សប្រឆាំង បានស្នើបោះឆ្នោត ដកទំនុកចិត្តទៅលើនាយករដ្ឋមន្ត្រីថៃលោកប្រាយុទ្ធចាន់អូចា ។ សកម្មភាពខាងលើកើតឡើ ក្រោយការដោះស្រាយវិបត្តិសេដ្ឋកិច្ច អំឡុងការរាតត្បាតជំងឺ COVID-19 ដែលកំពុងបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ។
មុននឹងការបោះឆ្នោតដកទំនុកចិត្ត ត្រូវធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ សភាថៃកាលពីថ្ងៃអង្គារម្សិលមិញបានកំណត់ពេល ០៤ថ្ងៃ ដើម្បីធ្វើការជជែកដេញដោល ទៅលើកិច្ចការងាររបស់រដ្ឋាភិបាលលោក ប្រាយុទ្ធ ចាន់អូចា។ ខណៈក្រុមអ្នកតាមដាន បានមើលឃើញរួចទៅហើយថា ការរៀបចំបោះឆ្នោតដកទំនុកចិត្ត នឹងមិនអាចធ្វើអ្វីលោក ប្រាយុទ្ធ បាននោះ វាក៏នឹងដាក់សម្ពាធកាន់តែខ្លាំង ទៅដល់ផ្ទៃក្នុងនៃរដ្ឋាភិបាលលោកផងដែរ ចំពោះមុខការផ្ទុះបាតុកម្មឡើងវិញ ដើម្បីទាមទារឲ្យលោកចុះចេញពីតំណែង និងធ្វើកំណែទម្រង់់របបរាជានិយម។
ជុំវិញបញ្ហាខាងលើនេះ លោក សំពង្ស អាម៉នវីវ៉ាត (Sompong Amornvivat) មេដឹកនាំនៃគណបក្សភឿថៃ ដែលជាបក្សប្រឆាំងធំបំផុតនៅក្នុងសភា បានថ្លែងនៅក្នុងកិច្ចប្រជុំសភា ដែលមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ទូទាំងប្រទេសថៃថា «រដ្ឋាភិបាលលោក (ប្រាយុទ្ធ) អាចត្រឹមតែជារដ្ឋាភិបាលប៉ារ៉ាស៊ីត ដែលកំពុងបំផ្លាញអនាគត និងក្តីសុបិនរបស់ប្រជាជនតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ក្រុមបាតុកម្មបានធ្វើការប្រមូលផ្តុំគ្នាឡើងវិញ នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅទីក្រុងបាងកក ដោយទាមទារឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងធ្វើកំណែទម្រង់របបរាជានិយម។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមអ្នកតវ៉ាបានដាក់ឱសានវាទមួយ ដោយទាមទារឲ្យអាជ្ញាធរថៃ ដោះលែងមេដឹកនាំ និងសកម្មជននានាទាំងអស់ដែលកំពុងជាប់ឃុំខ្លួន ឲ្យមានសេរីភាពឡើងវិញនៅក្នុងអំឡុងពេល ០៧ថ្ងៃ បើមិនដូច្នោះទេ ពួកគេនឹងរៀបចំធ្វើបាតុកម្ម ក្នុងទ្រង់ទ្រាយធំតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។