ឯកឧត្តម អ៊ុំ រាត្រី ជំរុញ​សមត្ថ​កិច្ចពង្រឹង​វិធានការ ចំពោះ​ពលករ​ចំណាកស្រុក ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ពី​ក្រៅប្រទេស

​ខេត្តបន្ទាយមានជ័យ​៖ ក្នុងឱកាស​ចុះ​ពិនិត្យមើល​កងកម្លាំង​ចម្រុះ ដែល​កំពុង​ឈរជើង​ប្រចាំការ នៅ​គោលដៅ​នានា តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ នៅ​ភូមិសាស្ត្រ​ខេត្ត នៅ​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២១​នេះ អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បាន​ជំរុញ​សមត្ថកិច្ច ចម្រុះ​ត្រូវ​បន្ត​ពង្រឹង​វិធានការ​ឱ្យបាន​តឹងរ៉ឹង​ចំពោះ​ពលករ​ចំណាកស្រុក ដើម្បី​ទប់ស្កាត់​ការ ចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ពី​ក្រៅប្រទេស ខណៈដែល​ប្រទេស​ថៃ​កំពុងតែ​ផ្ទុះ​ការចម្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ក្នុង​សហគមន៍​នោះ​។​

​ឯកឧត្តម អ៊ុំ រាត្រី គូសបញ្ជាក់ថា ការពង្រឹង​សមត្ថកិច្ច​តាម​ព្រំដែន​គឺជា​ការអនុវត្ត តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ឱ្យ​បណ្តា​ខេត្ត​ដែលមាន​ព្រំដែន​ជាប់​នឹង​ប្រទេសជិតខាង ត្រូវមាន​ការយកចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់ ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​១៩ ជាពិសេស​ព្រំដែន​កម្ពុជា​-​ថៃ ដែលមាន​ហានិភ័យ​ខ្ពស់ ចំពោះ​ពលករ​ខ្មែរ​ចំណាកស្រុក​។​

​ឯកឧត្តម ក៏បាន​ជំរុញ​ដល់​កម្លាំងចម្រុះ​ទាំងអស់ និង​មន្ត្រី​ប្រចាំការ​នៅតាម​ច្រកទ្វារ​តាម បន្ទាត់​ព្រំដែន​តាម​គោលដៅ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ខិតខំ​តាមដាន​រាល់​សភាពការណ៍ នៃ​ការឆ្លង​ដែន​របស់​ពល​ករ​ខ្មែរ​តាម​គោលដៅ​ដែល​ខ្លួន​ទទួលខុសត្រូវ​។ ត្រូវ​យកចិត្តទុកដាក់ ជួយ​ដល់​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​បញ្ជូន​ត្រឡប់មកវិញ ដោយ​ត្រូវ​សហការ​ឱ្យបាន​ល្អជា មួយ​មន្ត្រី​សុខាភិបាល​ត្រូវ​ពិនិត្យ​សុខភាព និង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន មុននឹង​ដឹកជញ្ជូន ទៅកាន់ ស្រុកកំណើត​វិញ ដើម្បី​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​សហគមន៍​។​

​អភិបាលខេត្ត​បន្ទាយមានជ័យ បាន​បន្ថែមទៀតថា អ្វីដែល​សំខាន់​កម្លាំង​សមត្ថកិច្ច ត្រូវ​បង្កើន​ការទប់ស្កាត់​ឱ្យបាន និង​ជួយ​ផ្សព្វផ្សាយ​អប់រំ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​ពួកគាត់ លួច​ឆ្លង ដែន​ចេញចូល​ទៅក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​តាម​ការបោក​ពី​មេខ្យល់​វា គ្រោះថ្នាក់​ណាស់ ហើយ​បើ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នោះ​ក៏​តម្រូវឱ្យ​ធ្វើតេស្ត ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ក្នុង​ក្រៅប្រទេស សូម​ចូលរួម​អនុវត្តន៍​តាម​ការផ្សព្វផ្សាយ​អប់រំ​ណែនាំ​របស់​រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ដែល​បាន​ចាក់ផ្សាយ​រាល់ថ្ងៃ​ពី​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន​ថែរក្សា​សុខភាព​ដោយ​ខ្លួនឯង បើ​មាន បញ្ហា​សុខភាព​ខុសពី​ប្រក្រតី​សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ឬ​មណ្ឌល​សុខភាព ជាបន្ទាន់​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close