ក្រមាខ្មែរជាប់ឯកទគ្គកម្មពិភពលោក
ភ្នំពេញ ៖ ក្រមាប្រវែង១ពាន់ម៉ែត្ររបស់កម្ពុជា ត្រូវបានប្រកាសចូលទៅក្នុងកំណត់ត្រាពិភពលោកហើយ ក្រោយពីតំណាងគណៈកម្មការ World Guinness Record និង សហសេវិក បានមកធ្វើការវាស់វែង នៅព្រឹកថ្ងៃទី១ ខែកក្កដា ២០១៨។
ក្រោយត្រួតពិនិត្យគុណភាព និងប្រវែងរបស់ក្រមារួច លោក Dangarika Swapnil Mahesh គណៈកម្មការ Guinness World Record បានសម្រេចដាក់ក្រមាខ្មែរជាក្រមាវែងជាងគេក្នុងប្រវែង១.១៤៩,៨ម៉ែត្រ ចូលក្នុងកំណត់ត្រាឯកទគ្គកម្មពិភពលោក។
គួរបញ្ជាក់ថា ក្រមាដែលវែងជាងគេលើពិភពលោកនេះ គឺបានចាប់ដំណើរការត្បាញពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមសរុប ៣៣៨.០៥០នាក់ ដែលក្នុងនោះមានអ្នកចុះឈ្មោះរៀនត្បាញចំនួន២២.៣១៥នាក់ និងអ្នកចូលរួមត្បាញក្រមា ១.០០០ម៉ែត្រ ចំនួន១៩.៧៧១នាក់។
លោក សាន វឌ្ឍនា ប្រធានក្រុមចលនាហ្គោហ្គោខេមបូឌា(GoGo Cambodia )ដែលបានបង្កើតយុទ្ធនាការនេះឡើងបានលើកឡើងថា «ការបំបែកឯកទគ្គកម្ម ក្រមាវែងជាងគេនៅលើពិភពលោក» គឺជាសក្ខីភាពមួយក្នុងចំណោមលទ្ធភាពដែលប្រជាជាតិខ្មែរអាចធ្វើអ្វីៗរួមគ្នា ក្នុងស្មារតី «ជឿថាខ្មែរធ្វើបាន»។
តាមលោក សាន វឌ្ឍនា យុទ្ធនាការ «បំបែកឯកទគ្គកម្មក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូនប្រជាជនខ្មែរទាំងអស់ក្នុងគោលបំណងធំៗបី រួមមាន (១) លើកកម្ពស់មោទនភាពជាតិនិងកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។(២)បង្កើតការចូលរួមចំណែកពីប្រជាជនកម្ពុជាគ្រប់មជ្ឍដ្ឋានទាំងអស់ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរនិងជាពិសេស(៣)ជំរុញឲ្យមានសាមគ្គីភាពនិងឯកភាពជាតិតាមរយៈការរួមគ្នាបង្កើតស្នាដៃដ៏ធំសម្រាប់ជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។