កម្ពុជា-ឡាវ បន្ត​ជំរុញឱ្យមាន​កំណើន​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប ឯកឧត្តម Amphay KINDAVONG ឯកអគ្គរដ្ឋទូត សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​មួយចំនួន​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជម្រាបជូន​ឯកឧត្តម​ឯកអគ្គរដ្ឋទូត អំពី​គោលបំណង​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​និង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​តា​រយៈ​ការប្តេជ្ញា​រក្សា​ការបើកចំហរ​ទីផ្សារ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ចាំបាច់​និង​សម្ភារៈ​វេជ្ជសាស្ត្រ​ឆ្លងកាត់​ព្រំដែន​ជាពិសេស​ក្នុងកំឡុងពេល​ជំងឺ​រាតត្បាត Covid-19​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​លើកទឹកចិត្ត​ដល់​ប្រទេស​ឡាវ​ឱ្យ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​ឡាវ​-​វៀតណាម CLV DTA JCC លើក​ទី ១៣ ឱ្យបាន​ឆាប់​តាម​ប្រព័ន្ធ​វីដេអូ​សំដៅ​ពង្រឹង​និង​អនុវត្ត​កិច្ចសហប្រតិបត្តិការ​ស្របតាម​អនុសាសន៍​ណែនាំ​និង​ការប្តេជ្ញាចិត្ត​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងបី ដូចដែល​មានចែង​នៅក្នុង​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​កំពូល CLV DTA លើក​ទី​១១ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ​។
​ដោយឡែក​ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម ឯកឧត្តម​រដ្ឋមន្ដ្រី បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​បន្ត​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ​ពាណិជ្ជកម្ម​កម្ពុជា​-​ឡាវ ឡើងវិញ​ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​និង​វិនិយោគ​។ បន្ថែម​ពីលើ​នេះ ឯកឧត្តម​រដ្ឋមន្ដ្រី ក៏បាន​ជំរុញ​ឱ្យ​ភាគី​ទាំងពីរ​រៀបចំ​ការផ្គូផ្គង​អាជីវកម្ម​រវាង​វិស័យ​ឯកជន​នៃ​ប្រទេស​ទាំងពីរ តាម​យន្តការ​ប្រព័ន្ធ​វីដេអូ ឬ​រៀបចំ​បន្ទាប់ពី​រោគរាតត្បាត Covid-19 បានបញ្ចប់​។​

​ជាការ​ឆ្លើយតប ឯកឧត្តម​អគ្គរដ្ឋទូត បាន​ជម្រាបជូន​ថា ភាគី​ឡាវ​នឹង​ពាំនាំ​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី​ទៅ​ជម្រាបជូន​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ពិនិត្យ​និង​រៀបចំ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ក្របខណ្ឌ CLV និង​ទ្វេភាគី​ដើម្បី​រក្សា​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​ជំរុញឱ្យមាន​កំណើន​ពាណិជ្ជកម្ម​កាន់តែខ្លាំង​ឡើង​។​

​ភាគី​ទាំងពីរ ក៏បាន​ប្តេជ្ញាចិត្ត​សហការ​នៅក្នុង​ក្របខណ្ឌ​អាស៊ាន ក៏ដូចជា​ទ្វេភាគី ដើម្បី​រួមគ្នា​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការចំលង​ការរីក​រាល​ដាល​នៃ​ជំងឺ Covid-19 តាម​ច្រកព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close