ឥណ្ឌូនេស៊ីរងទុក្ខកាន់តែខ្លាំង ដោយកូវីដ ១៩ ផង គ្រោះទឹកជំនន់ផង

ឥណ្ឌូនេស៊ី គឹជាប្រទេសដែលមាករណី ឆ្លងកូវីដ ១៩ ច្រើនជាងគេបង្អស់នៅក្នុងតំបន់ អាស៊ាន ដោយមានអ្នកឆ្លងជាង ១,២៨លាននាក់ និងស្លាប់ជាង ៣៤ពាន់នាក់។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក ប្រទេសនេះមានករណីឆ្លងរហូតដល់ទៅ ជាង១ម៉ឺននាក់ និងស្លាប់ថ្មី ២០២នាក់ ។

ជាមួយគ្នានេះដែរ ប្រទេសឥណ្ឌូនេស៊ី កំពុងប្រឈមការវាយប្រហារដោយគ្រោះទឹកជំនន់ជាថ្មីនៅក្នុងសប្តាហ៍នេះ អាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ។ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្សាយថារដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី អាចត្រូវប្រឈមមុខនឹងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីបន្ថែមទៀត នៅសប្ដាហ៍នេះ ខណៈទីភ្នាក់ងារឧតុនិយមបានព្យាករថានឹងមានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅខ្លាំង នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
បើតាមទីភ្នាក់ងារឧតុនិយមឥណ្ឌូណេស៉ី ភ្លៀងធ្លាក់ខ្លាំងអាចនឹងវាយប្រហាររដ្ឋធានីហ្សាការតា នៅល្ងាចថ្ងៃចន្ទនេះ ហើយនឹងបន្តរហូតដល់ពេលព្រឹក ថ្ងៃអង្គារស្អែកនេះ។ ភ្លៀងធ្លាក់នឹងមានកម្រិតទាប នៅថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែវាអាចនឹងកើនឡើងដល់កម្រិតធ្ងន់នៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែកុម្ភៈ ដែលអាចបង្កឱ្យមានគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីជាបន្តបន្ទាប់នៅរដ្ឋធានីហ្សាការតា និងតំបន់ជាយៗរដ្ឋធានីមួយនេះ។
គួរបញ្ជាក់ថា តំបន់ជាច្រើននៅក្នុងរដ្ឋធានីហ្សាការតា និងទីក្រុងជិតខាង Tangerang ទីក្រុង Bekasi ត្រូវបានជន់លិចដោយជំនន់ទឹកភ្លៀងរហូតដល់ ខ្ពស់ ២ម៉ែត្រកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ កម្រិតទឹកភ្លៀងធ្លាក់លើសពី ១៥០មីល្លីម៉ែត្រក្នុងមួយថ្ងៃ ត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរបំផុត៕
![]()
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។