ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រាសាទ និងរហាត់ទឹកបុរាណ នៅក្នុងរមណីយដ្ឋានអង្គរ
ខេត្តសៀមរាប៖ ប្រាសាទបុរាណកណ្ដាលស្រះស្រង់ និងរហាត់ទឹកចំនួនមួយ នៅក្នុងរមណីយដ្ឋានអង្គរ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធីបតីភាពលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ប្រាសាទស្រះស្រង់ បានធ្វើការជួសជុលរយៈពេលមួយឆ្នាំ។ តាមរយៈនៃការជួសជុលនិងរំលេចរូបរាងជាថ្មីឡើងវិញនេះ ប្រាសាទស្រះស្រង់ បានធ្វើទេសភាពវប្បធម៌នាពេលអតីតកាលបានរស់រានមានជីវិតជាថ្មីឡើងវិញ និងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យចូលមកទស្សនាប្រាសាទនេះ។
សូមជម្រាបថារហាត់ទឹកដ៏ធំនេះដែលមានបណ្តោយ ១៨ម៉ែត្រ កម្ពស់ ១២ម៉ែត្រ អង្កត់ផ្ចិត១១,៦ម៉ែត្រត្រូវបានអនុវត្តការជួសជុលដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដោយបានរក្សានូវរចនាបថបុរាណទាំងស្រុង និងរួមបញ្ចូលនូវស្ថាបត្យកម្មទំនើប ដើម្បីធានាបាននូវភាពលក្ខណៈដើម និងភាពរឹងមាំធានាបានការប្រើប្រាស់យូរ អង្វែងសម្រាប់ជាប្រយោជន៍សាធារណៈ។
ទីតាំងរហាត់ទឹកដ៏ធំ នេះមានប្រវត្តិតាំងពីទសវត្សទី៦០ ត្រូវបានកសាងឡើងតាំងពីសម័យសង្គមរាស្ត្រនិយមមកហើយអមដោយផ្ទះលម្ហែកាយមួយនៅក្បែរនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។