បិទ​សណ្ឋាគារ ៥​កន្លែង ក្នុង​ខេត្ត​ព្រះសីហនុ ក្រោយ​រកឃើញ​ស្ត្រីជន​ជាតិចិន ២​នាក់ ផ្ទុក​កូ​វីដ​-១៩

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ម្សិលមិញ បានសម្រេច​បិទ​សណ្ឋាគារ​ជីន​ប៉ី​ទាំង​៣​សាខា និង​អគារ​ស្នាក់​រួម របស់ បុគ្គលិក​ក្រុមហ៊ុន​ជីន​ប៉ី​ក្រុងព្រះសីហនុ ព្រមទាំង​សណ្ឋាគារ​ហ័ង​ហ្គ័​ន​ជា​យី ក្រោយ​រកឃើញ​ស្ត្រីជន​ជាត​ចិន​ចំនួន​២​នាក់ មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។​

​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ថា កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លងទៅនេះ ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​សំណាក​ពី​ជនបរទេស​ដែល​ស្នាក់​នៅក្នុង ក្រុងព្រះសីហនុ ហើយ​លទ្ធផល​តេស្ត​បាន​បញ្ជាក់ថា មាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ចំនួន​២​នាក់ ដែលមាន​ស្ត្រីជន​ជាតិចិន​អាយុ​៣៥​ឆ្នាំ មកពី រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​រថយន្ត Alphard ស្លា​កលេ​ខៈ ៤៥៤៦ ហើយ​ស្នាក់នៅ​សណ្ឋាគារ ជីន​ប៉ិ​ព័រ​អ៊ី ស្ថិត នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ និង​ស្ត្រីជន​ជាតិចិន​ម្នាក់ទៀត អាយុ​២២​ឆ្នាំ មកពី​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២១ តាម​រថយន្ត​ជាមួយ​អ្នកបើកបរ ហើយ​ស្នាក់នៅ​សណ្ឋាគារ​ហ័ង​ហ្គ័​ន​ជា​យី ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជាមួយ​សង្សារ​។​ បច្ចុប្បន្ន ស្ត្រីជន​ជាតិចិន​ទាំង​២​នាក់ ត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក និង​ផ្តល់​ការព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏​អំពាវនាវ​ដល់​អ្នក​ធ្លាប់មាន​វត្តមាន​ចេញចូល​នៅ​សណ្ឋាគារ​ជីន​បុ​ី​ទាំង​៣​សាខា និង​អគារ ស្នាក់នៅ​រួម​របស់​បុគ្គលិក​ក្រុមហ៊ុន​ជីន​ប៉ី ចាប់ពី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ និង​សណ្ឋាគារ​ហ័ង​ហ្គ័​ន​ជា​យី ចាប់ពី​យប់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ឬ​ដឹងថា​ខ្លួន​ជា​អ្នក​ប៉ះពាល់​ជាមួយ​បុគ្គល​ទាំងពីរ​ខាងលើ ត្រូវមាន​ភាពស្មោះត្រង់ មិន​លាក់លៀម និង​ស្ម័គ្រចិត្ត​មក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ឱ្យបាន​ទាន់ពេលវេលា ហើយ​ត្រូវ​ទៅ​ជួប​ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ ដែល​ប្រចាំការ​នៅ​សាលាបឋមសិក្សា​- អនុវិទ្យាល័យ តេ​ជោ​សែន កម្មករ ស្ថិតនៅ​វិថី​ឯករាជ្យ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចាប់ពី​វេលា​ម៉ោង​១៣​រសៀល ថ្ងៃទី​២៤ ខែកុម្ភៈ​ឆ្នាំ​២០២១​តទៅ ដើម្បី​ក្រុមការងារ​ពិនិត្យ​យក​សំណាក​ធ្វើតេស្តរ​កវី​រុស​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​។​

​សូម​បញ្ជាក់ដែរថា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​បានប្រកាសថា គេ​បាន​រកឃើញ​មនុស្ស​សរុប​ចំនួន ៤០​នាក់​ទៀត​មាន​ផ្ទុក​វីរុស​កូ​វីដ​១៩ ក្នុងនោះ ៣៨​នាក់ គឺជា​ករណី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​ក្នុង​សហគមន៍​បាន​កើន​ដល់ ១៣៧​នាក់ ហើយ​មាន​ទីតាំង​ប្រមាណ​៥០​កន្លែង​ដែល​ពាក់ព័ន្ធ​នឹង​ការឆ្លង​ត្រូវបាន​បិទ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close