អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរី
ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
ក្នុងឱកាសនោះ លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ក៏បានអញ្ជើញទៅទស្សនានិងស្វែងយល់ពីកំណាយស្រាវជ្រាវនេះពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាផង ព្រមទាំងកោតសរសើរចំពោះកិច្ចការរបស់ក្រុមអ្នកជំនាញនិងការដឹកនាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាដែលខិតខំបំពេញការងារអភិរក្ស អភិវឌ្ឍន៍បានយ៉ាងល្អប្រសើរ។ ពិសេស លោកជំទាវក៏សម្តែងសេចក្តីរីករាយដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ផ្តល់ឱកាសឱ្យលោកជំទាវបានចូលរួមចំណែកថែរក្សាសម្បត្តិដូនតាលើទឹកដីអង្គរបានយ៉ាងច្រើន។
ឯកឧត្តម ហង់ ពៅ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះលោកជំទាវដែលបានចំណាយធនធានចូលរួមក្នុងកិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងលើកតម្លៃបេតិកភណ្ឌពិភពលោក ដែលជាដួងព្រលឹងតំណាងជាតិខ្មែរ។ ក្នុងនោះដែរ ឯកឧត្តមអគ្គនាយក ក៏ស្តាប់បទបង្ហាញពីអ្នកជំនាញចំពោះលទ្ធផលកំណាយនៅក្នុងការដ្ឋាននេះ ហើយលើកទឹកចិត្តចំពោះកិច្ចការស្រាវជ្រាវដើម្បីបង្ហាញរបើកគំហើញថ្មីៗនៅតំបន់អង្គរផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។