អ្នក​ដែល​ចេញចូល​ទីតាំង​មួយចំនួន និង​ដឹងខ្លួន​ប៉ះពាល់​ជនជាតិ​ចិន ២​នាក់ ឆ្លង​កូ​វីដ​១៩ នៅ​ខេត្ត​ព្រះសីហនុ សូម​ទៅធ្វើ​តេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក

ព្រះសីហនុ​៖ រដ្ឋា​បាល​ខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង ដោយ​អំពាវនាវ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ចេញចូល នៅ​សណ្ឋាគារ​ជីន​ប៉ី​ទាំង​៣​សាខា និង​អគារ​ស្នាក់នៅ​រួម​របស់​បុគ្គលិក​ក្រុមហ៊ុន​ជីន​ប៉ិន ចាប់ពី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ និង​សណ្ឋាគារ​ហ័ង​ហ្គ័​ន​ជា​យី ចាប់ពី​យប់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ ឬ​ដឹងថា​ខ្លួន​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩ ដែលជា​ជនជាតិ​ចិន​ទើប​រកឃើញ​វិជ្ជមាន​ទាំង​២​នាក់ សូម​អញ្ជើញ​ទៅធ្វើ​តេស្តរ​កកូ​វីដ​១៩​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា ក្រុម​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​ក្រសួងសុខាភិបាល​ខេត្ត​ព្រី​ហ​នុ ប្រចាំការ​នៅ​សាលាបឋមសិក្សា អនុវិទ្យាល័យ តេ​ជោ​សែន កម្មករ ស្ថិតនៅ​វិថី​ឯករាជ្យ (​ផ្លូវ​១០០) សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ចាប់ពី​ម៉ោង​១​រសៀល ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​តទៅ ដើម្បី​ក្រុមការងារ​ពិនិត្យ​យក​សំណាក​ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​។​

​សូមជម្រាបថា ស្ត្រីជន​ជាតិចិន​២​នាក់ ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ខេត្ត​ព្រះសីហនុ ដោយ​បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក និង​ផ្តល់​ការព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។​

​គិត​ត្រឹម​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ចំនួន ៦៣៣​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៦​នាក់ និង​អ្នកជំងឺ​១៤២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close