កូនបង្កើត​យក​កន្ថោរ​ទឹកនោម​ចាក់​លើ​ម្ដាយ ខឹង​ឪពុក​ទះ​មួយ​ដៃ កាប់​ឪពុក​របួសធ្ងន់​

​ខេត្តកណ្ដាល​៖ នគរបាល​ស្រុក​ស្អាង បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន បន្ទាប់ពី​បាន​យក​កាំបិតផ្គាក់​កាប់​ក្បាល​ឪពុក​បង្កើត​របស់ខ្លួន បណ្ដាល​ឲ្យ​រងរបួស​យ៉ាងដំណំ កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ជនរងគ្រោះ​ឈ្មោះ អ៊ុក ម៉ាប់ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ត្រូវជា​ឪពុក​បង្កើត​ជនសង្ស័យ ឈ្មោះ ម៉ាប់ ប៊ុនលី ហៅ ប៊ឹ​ប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ប្រាកដ​។ ចំណែក​វត្ថុតាង គឺ​កាំបិត​១ ផ្លែ​ដែក ដង​ឬ​ស្សី មាន​ប្រវែង ៣៦​ស​.​ម​។​

​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ងើប​ពី​ដេក ហើយ​បាន​កាន់​កន្ថោរ​ទឹកនោម​ចុះពីលើផ្ទះ ឃើញ​ម្ដាយ​កំពុង​អង្គុយ ក៏​យក​កន្ថោរ​ទឹកនោម​នោះ ចាក់​ស្រោច​លើ​ម្ដាយ ភ្លាមនោះ​ឪពុក ក៏បាន​ទះកំផ្លៀង​ជនសង្ស័យ​មួយ​ដៃ ស្រាប់តែ​ជនសង្ស័យ រត់​ទៅយក​កាំបិត កាប់​ទៅលើ​ជនរងគ្រោះ ចំក្បាល​ផ្នែក​ខាងស្ដាំ និង​ដាល់​មួយ​ដៃ​ទៀត​ចំ​ថ្គាម បណ្ដាល​ឲ្យ​រងរបួស​តែម្តង ភ្លាមៗ​ជនសង្ស័យ ក៏បាន​រត់គេចខ្លួន​។

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​នគរបាល​ជំនាញ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close