ឆ្នាំ​២០២០ កម្ពុជា នាំ​ចេញទៅ​សហរដ្ឋអាមេរិកជាង ៦ ៥៧០​លាន​ដុល្លារ កើនឡើង​ជាង ២២​ភាគរយ​

​ភ្នំពេញ​៖ ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ ២០២០ នៅតែ​រក្សាបាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​ពិភពលោក​កំពុង​រង​ការយាយី​យ៉ាងធ្ងន់ធ្ងរ​ពី​ជំ​ងឹ​កូ​វីដ​១៩​ក៏ដោយ​ក្តី ហើយ​មិនតែប៉ុណ្ណោះ​ក៏បាន​ធ្វើ​ឲ្យ​សហរដ្ឋអាមេរិក ក្លាយជា​ទីផ្សារ​នាំចេញ​ធំ​បំផុត​របស់​កម្ពុជា នាពេល​បច្ចុប្បន្ន ដែល​រុញច្រាន​ទីផ្សារ​សហភាព​អឺរ៉ុប​ធ្លាក់​មក​លំដាប់​ទី​ពីរ​វិញ​ផងដែរ​។​

​យោងតាម​របាយការណ៍​ក្រសួងពាណិជ្ជកម្ម​សហរ​ដ្ឋ​អាមេរិក ដែល​បានចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ដើម​សប្តាហ៍​នេះ បាន​ឲ្យ​ដឹងថា ការនាំចេញ​របស់​កម្ពុ​ជា ទៅ​សហរដ្ឋអាមេរិក មានតម្លៃ​ទឹកប្រាក់​សរុប ៦៥៧៧​លាន​ដុល្លារ​អាមេរិក បាន​កើនឡើង ២២,៧៩​ភាគរយ បើ​ធៀប​កាលពី​ឆ្នាំ ២០១៩​។ ដោយឡែក​ការនាំចេញ​របស់​សហរ​ដ្ឋ​អាមេរិក ត្រឡប់មក​កម្ពុជា​វិញ នៅ​ឆ្នាំ ២០២០ មានតម្លៃ​ទឹកប្រាក់​សរុប​ប្រមាណ ៣៤៣​លាន​ដុល្លារ​។ តួលេខ​នេះ បាន​ធ្លាក់ចុះ ៣៣,២៦​ភាគរយ បើ​ធៀប​កាលពី​ឆ្នាំមុន​។​

​សម្រាប់​ទំនិញ​ដែល​នាំ​ចេញពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​លើសលុប​ជា​ផលិត ផល​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​កាបូប​សម្រាប់​ធ្វើដំណើរ​។ ចំណែក​មុខទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំចូល​ពី​សហរដ្ឋអាមេរិក​មានដូចជា គ្រឿង​អេ​ឡិ​ត​ត្រូ​និក យានយន្ត គ្រឿងចក្រ ឳ​សថ និង​បរិក្ខា​ពេទ្យ​ជាដើម​។​

​សូមបញ្ជាក់ថា សហរដ្ឋអាមេរិក​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម នៅក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP) ធ្វើ​ឲ្យ​កម្ពុជា អាច​នាំចេញ​ទៅកាន់​សហ​រដ្ឋ​អាមេរិក ដោយ​ការអនុគ្រោះ​ពន្ធគយ​នូវ​ទំនិញ ចំនួន​ជាង ៥០០០​មុខ​។ នៅក្រោម​ប្រព័ន្ធ​អនុគ្រោះ GSP ទាំងស្រុង ប្រទេស​កម្ពុជា បាន​នាំ​ទំនិញ​សម្រាប់​ការធ្វើដំណើរ ដែលមាន​តម្លៃ​ជិត ១​ពាន់​លាន​ដុល្លារ ទៅកាន់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១៩ និង​នៅ​ឆ្នាំ ២០២០ តម្លៃ​ទឹកប្រាក់​នាំចេញ​ផលិតផល​បាន​កើនឡើង​ថែមទៀត​។​

​ការនាំចេញ​របស់​កម្ពុ​ជា ទៅកាន់​សហរដ្ឋអាមេរិក ចាប់ផ្តើម​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ គិត​ចាប់តាំងពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន បាន​អនុគ្រោះ​ពន្ធ​ទាំងស្រុង​សម្រាប់​ផលិត ផល​សម្រាប់​ធ្វើដំណើរ​រ​បស់​កម្ពុជា កាលពី​ឆ្នាំ ២០១៦​មក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close