មន្ត្រីរាជការខេត្តប៉ៃលិន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩
ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យបង្អែកខេត្ត លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យមើលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីត-១៩ (ស៊ីណូហ្វាម) ជាជំនួយរបស់សាធារណៈរដ្ឋប្រជាមានិតចិនដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ចំនួន ១៩១នាក់ ដែលមានអទិភាពទទួលវ៉ាក់សាំងមុនគេ។
លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយការស្ម័គ្រចិត្ដ គឺជាកាតព្វកិច្ច និងជាការចូលរួមអនុវត្ដន៍នូវវិធានការសុខាភិបាល ដើម្បីការពារការចម្លងរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងប្រទេស និងសហគមន៍ ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំ។
លោកស្រី អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បន្ទាប់ពីបានទទួលវ៉ាក់សាំងស៊ីណូហ្វាមផលិតនៅប្រទេសចិន ចំនួន ៦០ម៉ឺនដូស រាជរដ្ឋាភិបាលបានចាប់ផ្ដើមធ្វើការចាក់វ៉ាក់សាំងដល់ក្រុមគោលដៅសំខាន់ៗរួមមាន៖ អ្នកនយោបាយ ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងក្រុមអ្នកសារព័ត៌មាន ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន អំពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងនេះផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកស្រី បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានទាំងអស់មិនត្រូវភ្លេចខ្លួន និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តន៍នូវវិធាន ការការពារ COVID-19 របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ៣ការពារ និង៣កុំ ជាពិសេសត្រូវខិតខំប្រកបមុខរបរ និងធ្វើស្រែចំការ ដាំដំណាំរួមផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ កុំយកពេលវេលាទំនេរទៅប្រព្រឹត្តិអំពើខុសច្បាប់ ដូចជាល្បែងស៊ីសងផ្សេងៗជាដើម ត្រូវអប់រំកូនចៅ និងខ្លួនឯងជាសចាកឆ្ងាយពីគ្រឿងញៀន។
បើតាមការបញ្ជាក់របស់លោក ស្លះ យូ ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន បានឱ្យដឹងថា ខេត្តប៉ៃលិនទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូហ្វាម ដែលជាជំនួយ របស់សាធារណៈរដ្ឋប្រជាមានិតចិន ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅដំណាក់កាលទី១ នេះ មានចំនួន ១២០០ដូស ស្មើនឹងចាក់បានមនុស្សចំនួន ៦០០នាក់ ហើយសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត ដែលមានអទិភាពទទួលបានវ៉ាក់សាំងនេះមុនគេ គឺមានចំនួន ១៩១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។