មីយ៉ានម៉ា៖ រយៈពេល១ខែមានអ្នកស្លាប់១៨ នាក់និងរបួស ៣០នាក់ ដោយបាតុកម្ម
រយៈពេល១ខែហើយដែលធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ានម៉ា ហើយពលរដ្ឋនៅតែបន្តធ្វើបាតុកម្ម ប្រឆាំងការដឹកនាំដោយយោធា។ ការធ្វើបាតុកម្មនោះបណ្តាលឲ្យមនុស្សជាច្រើនស្លាប់និងរបួស ។ កម្លាំងយោធាក៏បានចាប់ខ្លួនបាតុកររាប់រយនាក់ផងដែរ។ ប៉ូលិសមីយ៉ានម៉ា បានបំផ្ទុះអាវុធ ទៅលើក្រុមបាតុករ នៅទីក្រុង Yangon កាលពីថ្ងៃទី ២៨ខែកុម្ភៈ ក្រោយការគប់គ្រាប់បែកផ្សែង និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ។
អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងថា យ៉ាងហោចណាស់ក៏មានបាតុករ ១៨ នាក់ស្លាប់ នៅក្នុងការធ្វើបាតុកម្ម នៅមីយ៉ានម៉ា ចាប់តាំងពីការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ខែកុម្ភៈដល់ថ្ងៃទី ១ខែមីនាឆ្នាំ២០២១។ អង្គការសហប្រជាជាតិក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិធ្វើសកម្មភាព ដើម្បីបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប៉ូលិសមីយ៉ានម៉ា បានបាញ់ទៅលើក្រុមបាតុករនៅក្នុងទីក្រុងជាច្រើន ពិសេសគឺទីក្រុង Yangonកាលពីថ្ងៃទី ២៨ខែកុម្ភៈ។ ក្រុមបាតុករ បានពាក់មួកការពារ និងរបាំងការពារ ទប់ស្កាត់ការវាយប្រហារពីកម្លាំងសន្តិសុខ។
តាមសារព័ត៌មាន Global New Light របស់មីយ៉ានម៉ាស្និទ្ធនិងយោធា បានផ្សាយថា « សកម្មភាពតឹងតែង នឹងត្រូវ អនុវត្តទៅលើក្រុមបាតុករ ហិង្សា ។ កម្លាំងទាហាន បានរក្សាការអត់ធ្មត់ ប៉ុន្តែមិនអាចលើកលែងដល់ក្រុមជ្រុលនិយម បង្កអសន្តិសុខឡើយ»។
តាមការិយាល័យរបស់អង្គការសហប្រជាជាតិ បានប្រកាសឲ្យដឹងថា មានមនុស្ស ១៨ នាក់ស្លាប់ និងជាង៣០នាក់រងរបួស ដោយការបង្ក្រាប់ពីកម្លាំងប៉ូលិសមីយ៉ាន់ម៉ា ។ អង្គការសហប្រជាជាតិបានអំពាវនាវដល់ សហគមន៍អន្តរជាតិ មានសកម្មភាពដើម្បីជួយបញ្ចប់វិបត្តិនយោបាយនៅក្នុងប្រទេសនេះ។
មីយ៉ានម៉ាធ្លាក់នៅក្នុងស្ថានភាព វិវាទនយោបាយកាន់តែខ្លាំង ចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈ ហើយចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី និង មន្ត្រីជាន់ខ្ពស់ នៃគណបក្សកាន់អំណាច ដោយចោទប្រកាន់ថាបន្លំក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំ២០២០៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។