ទឹក​បារាយណ៍​ខាងលិច រួមចំណែក​ក្នុង​ការងារ​កសិកម្មរ​បស់​ប្រជាពលរដ្ឋ​

​ខេត្តសៀមរាប​៖ ប្រជាកសិករ​នៃ​សហគមន៍​កសិករ​ប្រើប្រាស់​ទឹក​ប្រព័ន្ធធារាសាស្ដ្រ​បារាយណ៍​ខាងលិច កំពុង​រីករាយ​ជាមួយនឹង ទិន្នផល​ស្រូវ​នៅក្នុង​រដូវ​នេះ ដែល​តាម​ការអះអាង ឆ្នាំនេះ​មានការ​កើនឡើង​ជាង​ឆ្នាំទៅ​។ ប្រជាកសិករ​ទាំងនោះ​អះអាងថា កំណើន​ទិន្នផល​ស្រូវ​ឆ្នាំនេះ ក៏​ដោយសារ​ការទទួល​ទឹក​ពី​បារាយណ៍​ខាងលិច​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទាន់ពេលវេលា និង​ក្នុង​បរិវេណ​គ្រប់គ្រាន់​សម្រាប់​បំពេញ​ស្រែ​រាប់សិប​ហិកតា​របស់​ពួកគេ​។​

​ប្រធាន​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​ប្រព័ន្ធធារាសាស្ដ្រ​បារាយណ៍​ខាងលិច លោក សុខ មក់ ឱ្យដឹងថា ទិន្នផល​របស់​ប្រជាកសិករ​ដែល​ទទួល​ទឹក​បារាយណ៍​ខាងលិច​នៅ​ឆ្នាំនេះ ទទួលបាន​ផល​ល្អប្រសើរ​។ លោក​បន្ថែមថា លទ្ធផល​ដែល​ទទួលបាន​នេះ ក៏​ដោយសារ​ការទទួល​ទឹក​ពី​ប៉ែក​ខាងលើ​ដែល​ទម្លាក់​មក មាន​ភាពងាយស្រួល និង​ឆាប់រ​ហ័យ​ទាន់ពេលវេលា​។ ប្រធាន​សហគមន៍ លោក សុខ មក់ បានបង្ហាញ​អារម្មណ៍​រីករាយ​ជាខ្លាំង​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​និច្ចកាល​បាន​សហការ​ផ្តល់​ទឹក​ដល់​កសិករ​សម្រាប់​ស្រោចស្រព​ស្រូវ​តាម​តម្រូវការ​ជាក់ស្ដែង​។​

​កសិករ​ក្នុងភូមិ​តា​ជេ​ត ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប លោក ជា ម៉ោញ រៀបរាប់ថា ស្រែ​ចំនួន​៥​ហិកតា​របស់លោក​នៅ​ឆ្នាំ ទទួលផល​គិត​ជា​ទឹកប្រាក់​ប្រមាណ​១៥​លាន​។ លោក​បន្ថែមថា ទឹក​បារាយណ៍​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ដែល​ជួយ​ឱ្យ​ផល​ស្រូវ​របស់លោក​បាន​ផល​ល្អ​។ លោក​បញ្ជាក់ថា​៖​ បើ​គ្មាន​ទឹក​នោះទេ ស្រូវ​មិនកើត​ទេ ព្រោះ​វាល​នេះ​តាំងពីដើម ពឹង​លើទឹក​បារាយណ៍​តាំងពី​សង្គម​មក​»​។​

​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក លោក ទឹម ឆោម បារាយណ៍​ខាងលិច​មាន​តួនាទី​ស្នូល​ចំនួន​៤​សំខាន់ៗ រួមមាន ទី​១​សម្រាប់​បញ្ជៀ​ស​ជំនន់​ទឹកភ្លៀង​មិនឱ្យ​លិច​ក្រុង ទី​២ ផ្គត់ផ្គង់​សម្រាប់​ប្រជាកសិករ ដែល​សព្វថ្ងៃ​មាន​ចំនួន​២​ស្រុក​-​ក្រុង គឺ​៥​សង្កាត់​ក្នុង​ក្រុង​សៀមរាប និង​៤​ឃុំ​នៃ​ស្រុក​ពួក​។ តួនាទី​ទី​៣ គឺ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​រដ្ឋាករទឹក​ស្វ័យ​ត​សៀមរាប និង​ទី​៤ ផ្គត់ផ្គង់​ទឹក​ក្រោម​ដី​ដើម្បី​ឱ្យមាន​ស្ថេរភាព​ជួយ​ការពារ​គ្រឹះ​ប្រាសាទ និង​ជួយ​សម្រួល​ចរន្តទឹក​ក្រោម​ដី​ដល់​ពលរដ្ឋ​នៅ​ជុំវិញ​តំបន់​ផងដែរ​។​

​សម្រាប់​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​ប្រព័ន្ធ​ធា​រាស្ដ្រ​បារាយណ៍​ខាងលិច​នេះដែរ លោក ទឹម ឆោម ពន្យល់ថា សហគមន៍​នេះ​បាន​បង្កើត​យូរ​មកហើយ តែ​នៅ​ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​ក៏​ប្រគល់​ការគ្រប់គ្រង​មកឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា ហើយ​បាន​បន្ត​រៀបចំ​កិច្ចការងារ​បែងចែក​ដ​ល់​ប្រជាកសិករ​ឱ្យ​កាន់តែ​ល្អប្រសើរ​។ ​យ៉ាងណា មន្ត្រី​នៃ​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​រៀបរាប់ថា នៅក្រោយ​ការផ្គត់ផ្គង់​ទឹកបាន​គ្រប់​តម្រូវការ ប្រជាកសិករ​បាន​ពង្រីក​ផ្ទៃដី​ស្រែ ដែល​ធ្វើឱ្យ​ការផ្គត់ផ្គង់​ទឹក​មានការ​កើន​ឡើងជា​លំដាប់​។

​លោក ទឹម ឆោម ពន្យល់ថា មុន​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា ផ្ទៃដី​ស្រែ​សរុប​ទាំងមូល​របស់​កសិករ​មាន​ត្រឹម​១៣,០០០​ហិកតា តែ​ក្រោយមក​មានការ​បង្កើន​ផ្ទៃដី​ស្រែប្រាំង​រហូត​២​ដង​។ ក្នុងន័យនេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់ សូម​ធ្វើស្រែ​តែម្ដង​ក្នុង​មួយឆ្នាំ ហើយ​ត្រូវ​ដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ជំនួស ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ការពឹង​លើទឹក​បារាយណ៍ ព្រោះ​បច្ចុប្បន្ននេះ ទឹក​បារាយណ៍​មាន​តួនាទី​ច្រើន​ច្រើន ដែល​ធ្វើឱ្យ​ការបញ្ជូន​ទឹក​ដល់​ប្រជាពលរដ្ឋ​មិន​តាម​តម្រូវការ​នៅពេល​ខ្លះ​។

​លោក ទឹម ឆោម ប្រាប់ថា​៖« ការ​បើកទឹក​ទម្លាក់​លើ​ស​ពី​មួយដង អាស្រ័យ​លើទឹក យើង​ក៏​ព្យាយាម​ពន្យល់​ឱ្យ​គាត់​ធ្វើស្រែ​ដំណាលគ្នា ដើម្បីឱ្យ​ការទម្លាក់​ទឹក​មក​ម្ដង​រួច ជៀសវាង​ទម្លាក់​ច្រើនដង វា​ខាត​ទឹក​»៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close