នាវាចំបាំងរុស្ស៊ី ៣គ្រឿង ចូលចតកំពង់ផែក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ

នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿង បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។

សូមជម្រាបថា នៅព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿង ដឹកនាំដោយលោក វរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិកនៃសហព័ន្ធរុស្ស៊ី ជាប្រធានប្រតិភូ ដឹកនាំកងនាវាសហព័ន្ធរុស្ស៊ីចំនួន ៣គ្រឿង មាននាវិកសរុបចំនួន ២៦២នាក់ ក្នុងនោះលោកឧត្តមនាវីត្រី ជួន ទី មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ក្នុងនាមកងទព័ជើងទឹកកម្ពុជា បានដឹកនាំនាយនាវីច្រើនរូប រួមនិងអាជ្ញាធរ សមត្ថកិច្ចពាក់ពន្ធ័អញ្ជើញទទួលប្រតិភូនាវាដោយផ្ទាល់នៅកំពង់ផែ។

មន្ត្រីកងទព័ជើងទឹកកម្ពុជាឲ្យដឹងថា តាមគម្រោងដែលបានគ្រោងទុក គណៈប្រតិភូនាវា នឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ,ជំនួបជាមួយ មេបញ្ជាការមូលដ្ឋានសមុទ្ររាម និងជំនួបជាមួយឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងមានការលេងកីឡាជាមិត្តភាព បាល់ទះ បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close