អាជ្ញាធរ​រាជធានី​ភ្នំពេញ ឧបត្ថម្ភ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង ១​គ្រួសារ ៣០​ម៉ឺន​រៀល និង​អង្ករ​២០​គីឡូ រយៈពេល​១៥​ថ្ងៃ​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានប្រកាស​ឧបត្ថម្ភ​ថវិកា​ដល់​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង ១​គ្រួសារ ទទួល​ថវិកា​ចំនួន ២​ម៉ឺន​រៀល ក្នុង​១​ថ្ងៃ រយៈពេល ១៥​ថ្ងៃ សរុប ៣០​ម៉ឺន​រៀល និង​អង្ករ ២០​គីឡូក្រាម​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ការជួយ​សម្រួល​ដ​ល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឧបត្ថម្ភ​ថវិកា​របស់​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សូមបញ្ជាក់ថា ចំពោះ​ការផ្តល់​ការឧបត្ថម្ភ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ដែលមាន​លក្ខណៈសម្បត្តិ​ទាំង​៤​គឺ អ្នកពាក់ព័ន្ធ​ផ្ទាល់​ជាមួយនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ​, អ្នក​ដែល​បានទទួល​ការធ្វើ​តេស្ត ហើយ​លទ្ធផល​អវិជ្ជមាន​, អ្នក​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ និង​សណ្ឋាគារ និង​អ្នក​ដែលមាន​ជីវភាព​ខ្វះខាត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close