ផ្ទុះ​ភ្នំភ្លើង​ជាថ្មី នៅ​ឥណ្ឌូនេស៊ី ព្រួស​ផេះ​កម្ពស់​៥​គីឡូ​ម៉ែ​ត្រ

​ភ្នំភ្លើង Sinabung នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​ផ្ទះ​ម្តង​រួចមកហើយ​កាលពី​ខែសីហា​ឆ្នាំ​២០២០ ហើយ​នៅពេលនេះ បាន​ព្រួស​ក​ង្អែ​សាជាថ្មី ដោយមាន​ផ្សែង​ផេះ​ទៅលើ​អាកាស​កម្ពស់ ៥​ពាន់​ម៉ែត្រ​។​

​តាម​សារព័ត៌មាន CNA នៅ​ថ្ងៃទី ២​ខែមីនា​បាន​ផ្សាយ​ថា ភ្នំភ្លើង​ដ៏​ល្បីឈ្មោះ​នៅ​ឥណ្ឌូណេស៊ី ស៊ីណា​បាំង (Sinabung) បាន​ព្រួស​ផេះ​យ៉ាង​កញ្ជ្រោល ឡើង​ទៅលើ​ផ្ទៃ​អាកាស​ក្នុង​រយៈកម្ពស់ ៥​គីឡូម៉ែត្រ​ឯណោះ ដែល​នេះ​ជា​សកម្មភាព​កញ្ជ្រោល​បំផុត​លើកដំបូង​ហើយ គិត​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២០​។​

​ភ្នំភ្លើង Sinabung នៅក្នុង​ខេត្ត​ស៊ូ​ម៉ា​ត្រា​ខាងជើង (North Sumatra) បាន​ស្ថិតក្នុង​ការតាមដាន​យ៉ាង​ដិតដល់ ចាប់តាំងពី​វា​បាន​ផ្ទុះ​ក្នុង​កម្រិតធ្ងន់​ទី ២ កាលពី​ថ្ងៃ​សីហា ឆ្នាំ​២០២០ មកម្ល៉េះ​។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​មិនបាន​រាយការណ៍​ថា មាន​មនុស្ស​រងគ្រោះ ឬមួយ​ក៏​អត់​នោះឡើយ ប៉ុន្តែ​ប្រជាជន​នានា​ត្រូវបាន​ណែនាំ ឲ្យ​ស្ថិតនៅ​ចម្ងាយ​ចាប់ពី ៣​គីឡូម៉ែត្រ​ឡើងទៅ​ពី​ភ្នំភ្លើង Sinabung​។​

​អ្នក​បានឃើញ​ហេតុការណ៍​ខាងលើនេះ​បាន​អះអាងថា ភ្នំភ្លើង Sinabung មិនបាន​បញ្ចេញ​សំឡេង​ផ្ទុះ​ឡើយ ប៉ុន្តែ​ធូលី​ផេះផង់​យ៉ាង​កញ្ជ្រោល បាននិងកំពុង​ព្រួស​ចេញពី​មាត់​ភ្នំភ្លើង និង​អណ្តែត​ឡើង​កប់​អាកាស​តែម្តង​។ យ៉ាងណាក៏ដោយ សកម្មភាព​ខាងលើនេះ ហាក់​មិនបាន​បង្ក​ការ​ភ័យ​ខ្លាំង​នោះឡើយ សម្រាប់​ប្រជាជន​ឥណ្ឌូណេស៊ី ដែល​រស់នៅ​ក្បែរៗ​ភ្នំភ្លើង​នោះ​។​

​គួរ​បញ្ជាក់ថា ប្រទេស​ឥណ្ឌូណេស៊ី​ស្ថិតនៅក្នុង​តំបន់​ខ្សែក្រវាត់​ភ្លើង នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក (Pacific Ring of Fire) ដោយហេតុ​នេះហើយ ទើប​បាតុភូត​រញ្ជួយ​ដី និង​ប​ន្ទុះ​ភ្នំភ្លើង តែងតែ​កើតមាន​ឡើងជា​ញឹកញាប់​។ ឥណ្ឌូណេស៊ី​មាន​ភ្នំភ្លើង​សកម្ម ច្រើនជាងគេ​បំផុត​លើ​លោក​រហូតដល់​ទៅជិត ១៣០​កន្លែង ហើយ​សម្រាប់ Sinabung ត្រូវបាន​គេ​ដឹងថា មិនបាន​ផ្ទុះ​អស់​រាប់​សតវត្សរ៍​ឯណោះ មុននឹង​វា​បាន​ផ្ទុះ​ឡើងវិញ ជា​លើកដំបូង​កាលពី​ឆ្នាំ​២០១០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close