រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ដ​អំពាវនាវ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ បានចេញ​សេចក្ដីអំពាវនាវ​ជា​លើក​ទី​៥ ដើម្បី​ប្រជាពលរដ្ឋ​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍ «​សហគមន៍​២០​កុម្ភៈ​» ខណៈ​ខេត្ត​មួយ​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​ភាគច្រើន​ជា​ជនជាតិ​បរទេស​។​

​ក្នុង​សេចក្ដីអំពាវនាវ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ បានកត់សម្គាល់​ឃើញថា ប្រជាពលរដ្ឋ​មួយចំនួន​តូច​នៅ​បន្ដ​ជួបជុំ​គ្នាច្រើន​លើសពី​ការកំណត់​របស់​ក្រសួងសុខាភិបាល នៅក្នុង​ពិធី​ផ្សេងៗ ដូចជា​ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​នានា ពិធីជប់លៀង ខួបកំណើត​ជាដើម​។​

​បន្ថែម​ពីនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​អះអាងថា ប្រជាពលរដ្ឋ​មួយចំនួន​បានធ្វើ​ដំណើរ​តាម​ដងផ្លូវ​សាធារណៈ ឬ​ចូល​ទិញ​ទំនិញ​តាម​ផ្ទះ តាម​ផ្សារ ដោយ​មិនមាន​ពាក់​ម៉ាស់​នៅឡើយ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាលខេត្ត​បានធ្វើការ​អំពាវនាវ​ដូចខាងក្រោម​៖
*​ទី​១៖ សូម​ពន្យា​ពេល​នៃ​ការរៀបចំ​ពិធី​នានា​ក្នុងដំណាក់កាល​នេះ បើសិន​មិនចាំបាច់​
*​ទី​២៖ បើ​ក្នុងករណី​ចាំបាច់​ខានមិនបាន ចំពោះ​ការរៀបចំ​ពិធី​នីមួយៗ ត្រូវ​កាត់បន្ថយ​ចំនួន​មនុស្ស ត្រូវ​រៀបចំ​ម៉ា​ស៉ី​ន​បាញ់សម្លាប់​មេរោគ ម៉ា​ស៉ី​ន​សម្រាប់​វាស់​កម្ដៅ មាន​រៀបចំ​ម៉ាស់​សម្រាប់​ភ្ញៀវ​ពាក់ និង​មាន​រៀបចំ​អាល់កុល ឬ​ជែ​ល​សម្រាប់​ភ្ញៀវ​លាងដៃ​គ្រប់ៗ​គ្នា​
*​ទី​៣៖ សូម​ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ ជាប់​ជាប្រចាំ​នៅពេល​ធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ ឬ​ពេល​ចូល​ទិញ​ទំនិញ​តាម​ផ្ទះ តាម​ផ្សារ ហើយ​ម្ចាស់​ទីតាំង​ក៏ត្រូវ​រៀបចំ​អាល់កុល ឬ​ជែ​ល​ដើម្បី​ភ្ញៀវ​បាន​លាងដៃ​មុន​ចូល​ទីតាំង​លក់ដូរ​របស់ខ្លួន​
*​ទី​៤៖ សូម​បញ្ឈប់​ការជួប​ជុំគ្នា​នៅ​ទីកន្លែង​ប្រមូលផ្ដុំ​ច្រើន​កុះករ​ក្នុងករណី​ចាំបាច់ ហើយ​ត្រូវអនុវត្ត​ការរស់នៅ​តាមបែប​គន្លង​ថ្មី ដោយ​ខិតខំ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close