ទស្សនាវដ្តី «ព្រះនគរ» បំផុសសា្មរតីយុវជនយល់ពីតម្លៃវប្បធម៌
ខេត្តសៀមរាប៖ ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣ នៃទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
តាមរយៈខ្លឹមសារថ្មីនៃទស្សនាវដ្តីនេះ អាជ្ញាធរជាតិអប្សរា រំពឹងទុកថា វានឹងក្លាយជាឯកសារមួយដើម្បីជំរុញបំផុសស្មារតីឱ្យស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សា ការពារឱ្យសិ្ថតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។
សូមបញ្ជាក់ថា ការចេញផ្សាយនូវទស្សនាវដ្តីឈ្មោះ «ព្រះនគរ» នេះ គឺបានផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨នៅប្រាសាទបាគង ទំនៀមទម្លាប់ពិធីបុណ្យតាមបែបសាសនា និងការគោរពតៗគ្នារបស់ពលរដ្ឋក្នុងតំបន់អង្គរ ដូចជា ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្ត្រនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្ត្រនៃប្រាសាទព្រះវិហារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។