ឈ្មួញ​ឈើ​ដុះ​ស្លែ ដឹកឈើ ២​ឡាន ចេញ​បាន​យ៉ាង​រលូន​នៅ​ចំពោះមុខ​សមត្ថកិច្ច នៅ​ស្រុក​ឱ​រ៉ា​ល់

​ខេត្តកំពង់ស្ពឺ​៖ យ៉ាងតិច​មាន​រថយន្ត​ស្ទូច​ចំនួន ២​គ្រឿង ប្រភេទ​ហ៊ីយ៉ានដាយ ២​តោន​កន្លះ និង​៥​តោន ដឹកឈើ​ប្រណិត ពី​សំរោង ឃុំ​ត្រពាំង​ជោ និង​ពី​តំបន់​ជាំ ឃុំ​តា​សាល ចូលមក​កាន់​ទីរួមស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​យ៉ាង​រលូន ខណៈ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ​ជាច្រើន​ស្ថាប័ន​នៅ​ទីនោះ មិន​អើពើ​។

​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​លើកឡើងថា ឈ្មួញ​ឈើ ដែល​ស្គាល់​ថា មានឈ្មោះ ណុប ឌី មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្នុង​ការប្រមូលទិញ និង​ដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់​។ ជាក់ស្តែង​នៅវេលា​ម៉ោង​៣ និង​៣៦​នាទី​ព្រឹក ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០២១ លោក ណុប ឌី បានអោយ​កូនចៅ​ដឹកឈើ​ម្រេញ ចេញពី​សំរោង តាម​រថយន្ត​ស្ទួ​ច​ចំណុះ ៥​តោន ទ្រុង​ពណ៍​ខៀវ ក្បាល​ព​ណ៍ស និង​ដឹកឈើ​ធ្នង់​ពី​តំបន់​ជាំ ឃុំ​តា​សាល នៅ​ម៉ោង​៤​និង​១៦​នាទី មកដល់​ចំណុច ផ្លូវបំបែក​យាយ​ទេ ទឹក​ពុះ​តម្រង់​មក​ចូល​ទីរួមស្រុក​ឱ​រ៉ា​ល់ ប្រកបដោយ​សុវត្ថិភាព តាម​រថយន្ត​ចំណុះ​២​តោន​កន្លះ នៅ​ចំពោះមុខ​សមត្ថកិច្ច និង​អាជ្ញាធរ ជំនាញ​ជាច្រើន​ស្ថាប័ន មាន​វត្ត​មាននៅ​ទីនោះ​។

​លោក ណុប ឌី នៅ​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០២១ ខណៈ​កំពុង​ប្រមូល​សមត្ថកិច្ច​មក​អង្គុយ​ផឹកស៊ី​ក្នុង​ហាង ជាមួយនឹង​នារី​កំដរ​ជាច្រើន​នាក់ , តាម​ទូរស័ព្ទ ជាមួយ​អង្គភាព​”​នគរ​ដ្រេ​ហ្គ​ន​” លោក​បញ្ជាក់ថា​, ពិតជា​មានការ​ចេញ​ឈើ​មែន​នៅ​យប់​នេះ ” ដោយ​លោក​សូម​ឲ្យ​សមត្ថកិច្ច​នៅ​ស្ងាត់ស្ងៀម​សិន​ទៅ ,​ទុក​ខ្លួន​ធ្វើការ​ដឹកជញ្ជូន​។

​ទីបំផុត​! ណុប ឌី ដឹកជញ្ជូន​ឈើ​ធ្នុង និង​ឈើ​ម្រេញ បានសម្រេច​ដូច​បំណង​។ ​ដោយឡែក សមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើន​ស្ថាប័ន ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ តិច​ហើបមាត់​ថា​, អត់​មាន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ ? ខណៈ​នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ គឺ​ឈ្មួញ​ឈ្មោះ ណុប ឌី ប្រមូល​ទិញ​ឈើ​ពី​ឃុំ​តា​សាល ឃុំ​ត្រពាំង​ជោ ដឹក​ផ្តាច់មុខ ពី​ប្រជាពលរដ្ឋ​ចូល​កាប់​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ ។​ ​លោក ណុប ឌី បាន​អះអាងថា​, គាត់​ដឹកឈើ​ដើម្បី​ជួយ​មន្ត្រីរាជការ បើ​មិន​ដឹក​តើ​មន្ត្រីរាជការ​បាន​អី​ចាយ ! គាត់​អាណិត​តែ​មន្ត្រីរាជការ​ទេ ទើប​ខំ​ដឹក​ដើម្បី​ជួយ​ពួកគាត់​។ ចំពោះ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ ម្នាក់ៗ​សំងំ​របៀប​កន្ទេល​ធំ​បន្លំ​ដេក​។​

​ជាមួយ​អ្នកសារព័ត៌មាន ពួកគាត់​តែង​លើកឡើង​ពី​ការ សហការ​ផ្តល់ដំណឹង ដើម្បី​ឈានដល់​ការបង្ក្រាប តែ​ដល់​ឡាន​ឈើ លោក ណុប ឌី ដឹក​ចូល​ទីរួមស្រុក នៅសល់តែ​ត្រឹម​៧​ទៅ​៨​គីឡូម៉ែត្រ​ដល់​ស្នាក់ការ ប៉ុស្តិ៍​របស់ខ្លួន គឺ​ម្នាក់ៗ​ទទួលទានដំណេក​រៀងៗ​ខ្លួន ទូរស័ព្ទ​ចូល​មិន​លើក​ទាល់តែសោះ ។

ពាក់ព័ន្ធ​បញ្ហា​នេះ សូម​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត នាង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មេបញ្ជាការ​ប៉េអឹម​ខេត្ត លោកស្នងការ​ខេត្ត លោក​អភិបាលខេត្ត ពិចារណា​ផង ជៀង​វាង​(​គេង​មិន​លក់ ធ្វើជា​សម្រាន្ត​លក់​) ទុកអោយ​សមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើន​ស្ថាប័ន នៅ​ស្រុក​ឱ​រ៉ា​ល់ បើកដៃ​អោយ​លោក ណុប ឌី ប្រមូល​ទិញ​ឈើ ដឹកជញ្ជូន​ឈើ ដែល​ប្រជាពលរដ្ឋ​ចូល​កាប់​ក្នុង​ដែន​ជម្រក​សត្វ​ភ្នំ​ឱ​រ៉ា​ល់ តាម​អំពើ​ចិត្ត បណ្ដាលឱ្យមាន​ការបំផ្លាញ​ព្រៃឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ​បែបនេះ​។

​សូមបញ្ជាក់ថា នៅ​ស្រុក​ឱ​រ៉ា​ល់ លោក ណុប ឌី មាន​សមត្ថភាព ក្នុងការ​ដឹកឈើ​បាន​ទាំងយប់​ទាំង​ថ្ងៃ ទាំង​ឈឺ​អារ ឈើ​ធ្នង់ ឈើ​ម្រេញ ឈើ​រាជ​កុល ដែល​បច្ចុប្បន្ន​បន្ថែម​ឡានស្ទូច​មួយគ្រឿង​ទៀត គ្រប់​ចំនួន ៣​គ្រឿង ដើម្បី​ងាយស្រួល​ក្នុង​ការលើក​ឈើ​ដាក់​ឡាន​ទាន់ពេលវេលា ហើយ​សំរុក​ដឹកជញ្ជូន​ទាំងយប់​ទាំង​ថ្ងៃ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close