ស្ថានភាព​មី​យ៉ាន​ម៉ា មិនអាច​ប្រសើ​ឡើងវិញ​ឡើយ ខណៈ​មេដឹកនាំ​យោធា ប្រកាស​ត្រៀម​ទទួល​ការដាក់ទណ្ឌកម្ម​

​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា កាន់តែ​អាក្រក់​ទៅ នឹងមាន​អ្នកស្លាប់​កាន់តែច្រើន​ទៀត​ប្រសិនបើ​ក្រុមបាតុករ​នៅតែ​បន្តធ្វើ​បាតុកម្ម​ប្រឆាំង​យោធា​។ នៅពេលនេះ មេដឹកនាំ​យោធា​បាន​ចេញមុខ​ប្រកាសថា បាន​ត្រៀមលក្ខណៈ​រួម​រាល់​ក្នុង​ការទទួលយក​ការដាក់ទណ្ឌកម្ម ក៏ដូចជា​ការ​ផ្តាច់ខ្លួន​ពី​សហគមន៍​អន្តរជាតិ​ពាក់ព័ន្ធ​ការធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី​១​ខែកុម្ភៈ​។​

​ឧបការី​អង្គការសហប្រជាជាតិ​លោកស្រី​Christine Schraner Burgener បាន​បញ្ជាក់ថា អគ្គមេបញ្ជាការ​រង​ក​ង​ទ័ព​មី​យ៉ាន​ម៉ា លោក Soe Win បានបញ្ជាក់ ពី​ការត្រៀម​លក្ខណ​ទទួល​នៅ​ទណ្ឌកម្ម​ទាំងឡាយ​ពី​សហគមន៍​អន្តរជាតិ ។ លោក Soe Win បញ្ជាក់ទៀតថា យើង​បាន​សមនិង​ការដាក់ទណ្ឌកម្ម​ទៅហើយ ទោះបី​មានការ​ដាក់ទណ្ឌកម្ម ប៉ុណ្ណា​ក៏​យើង​នៅតែ​រស់នៅ​បានល្អ យើង​ត្រូវការ​ប្រទេស​ជា​មិត្ត ប៉ុន្មាន​ប៉ុណ្ណោះ ដែល​ស្មោះត្រង់​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ព្រឹក​ថ្ងៃទី ៤​ខែមីនា ឆ្នាំ​២០២១ បាន​ដកស្រង់​ប្រភពព័ត៌មាន​ពី​ឧក​ការី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​មី​យ៉ាន​ម៉ា​លោកស្រី Christine Schraner Burgener បាន​បញ្ជាក់ថា មាន​អ្នកស្លាប់​ដល់​ទៅ​៣៨​នាក់ ក្នុងការ​បង្ក្រាប់​បាតុករ​ពី​សំណាក់​កម្លាំង​ប៉ូលិស​មី​យ៉ាន​ម៉ា កាលពី​ថ្ងៃទី ៣​ខែមីនា​។​

តាម​សារព័ត៌មាន​រ៉​យ​ទ័​រ កម្លាំង​សន្តិសុខ មី​យ៉ាន​ម៉ា បាន​បាញ់ប្រហារ​ទៅលើ​ក្រុមបាតុករ​ប្រឆាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យោធា ។ ការប្រើ​ហិង្សា​បង្ក្រាប់​បាតុករ​កើតឡើង​ក្រោយពេល​បណ្តា​ប្រទេស​ក្នុង​តំបន់ បាន​អំពាវនាវ​ដល់​មី​យ៉ាន​ម៉ា រក្សា​ការអត់ធ្មត់ ដោះស្រាយ​វិវាទ​នយោបាយ​ដោយ​សន្តិវិធី​។​កន្លងមក កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ ក៏មាន​បាតុករ​១៨​នាក់​ស្លាប់​ដោយ​ការប៉ះទង្គិច​គ្នា​ជាមួយ​កម្លាំង​សន្តិសុខ មី​យ៉ាន​ម៉ា ។

​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី ៣ ខែមីនា បានបញ្ជាក់​ថា​នេះ​ជា​អំពើហិង្សា​ទ្រង់ទ្រាយ​ធំ​បំផុត ចាប់តាំងពី​ផ្ទុះ​បាតុកម្ម​ក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី ១​ខែកុម្ភៈ​មក​។ នៅពេលនេះ​រដ្ឋាភិបាល​បាន​ប្រើ​ហិង្សា​កាន់តែខ្លាំង ក្នុង​គោលដៅ​បញ្ចប់​ក្រុម​បា​តុរ ដង្ហែរ​ក្បួន​ប្រឆាំង​ការដឹកនាំ​ដោយ​យោធា​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close