មនុស្សស្លាប់ ៣៨​នាក់ ក្នុង​បាតុកម្ម​តវ៉ា​បង្ហូរឈាម ក្នុងប្រទេស​មី​យ៉ាន់​ម៉ា

​មី​យ៉ាន់​ម៉ា​៖ អង្គការសហប្រជាជាតិ​បាន​និយាយថា មនុស្ស​៣៨​នាក់​បាន​បាត់​បង់ជីវិត នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ថ្ងៃ​ដ៏​បង្ហូរឈាម​បំផុត​នៃ​វិបត្តិ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ខណៈដែល​រដ្ឋាភិបាលយោធា​កំពុង​ផ្គើន​នឹង​ការ​ថ្កោលទោស​របស់​អន្តរជាតិ ជុំវិញ​ការធ្វើ​រដ្ឋប្រហារ​របស់​ខ្លួន ជាមួយនឹង​ការបង្ក្រាប​ដ៏​ឃោរឃៅ​។ ​សម្ពាធ​អន្តរជាតិ​កំពុង​កើនឡើង​។

​មហាអំណាច​លោកខាងលិច​បាន​វាយប្រហារ​ពួក​ឧ​ត្ត​ម​សេនីយ៍​ម្តង​ហើយ​ម្តងទៀត​ជាមួយនឹង​ការដាក់ទណ្ឌកម្ម ហើយ​អង់គ្លេស​បាន​អំពាវនាវ​ឱ្យមាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ។ បន្ទាប់ពី​ការស្លាប់​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ សហរដ្ឋអាមេរិក​បាន​និយាយថា ខ្លួន​កំពុង​ពិចារណា​លើ​សកម្មភាព​បន្ថែមទៀត​។ តែ​មកទល់ពេលនេះ រដ្ឋាភិបាលយោធា​ហាក់​មិន​អើពើ​ចំពោះ​ការ​ថ្កោលទោស​ជាស​កល ដោយ​ឆ្លើយតប​នឹង​ការ​ងើប​បះបោរ​ប្រឆាំង​ខ្លួន ដោយ​ប្រើ​កម្លាំងបាយ​ខ្លាំង​ឡើង​។​

​ប្រេសិត​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា លោកស្រី គ្រីស្ទី​ន ស្រា​ន័​រ បួ​ជេ​ន័​រ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ថ្ងៃ​ពុធ​នេះ​ថា គិតតែ​ត្រឹម​ថ្ងៃនេះ មនុស្ស​៣៨​នាក់​បាន​ស្លាប់​… និង​ថា មនុស្ស​សរុប​ជាង​៥០​នាក់​ហើយ​បាន​ស្លាប់ ចាប់តាំងពី​យោធា​បាន​កាន់កាប់​អំណាច ក្នុងនោះ​មាន​អ្នករងរបួស​ជាច្រើន​នាក់​ទៀត​។

​ជាមួយគ្នានេះ លោកស្រី បាន​អំពាវនាវ​ឱ្យ​អង្គការសហប្រជាជាតិ ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ប្រឆាំងនឹង​ពួក​ឧ​ត្ត​ម​សេនីយ៍ ដោយ​បន្ថែមថា នៅក្នុង​ការសន្ទនា​រប​ស់លោក​ស្រី​ជាមួយ​ពួកគេ​ថ្មីៗ​នេះ ពួកគេ​បាន​ច្រានចោល​ការគំរាមកំហែង​នៃ​ការដាក់ទណ្ឌកម្ម​។ លោកស្រី​និយាយថា ខ្ញុំ​នឹង​បន្ត​ទៅមុខទៀត យើង​នឹងមិន​ចុះចាញ់​ឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close