បង្ក្រាបរថយន្ត​ដឹកឈើខុសច្បាប់ ៤​គ្រឿង បម្រុង​ដឹក​ចេញពី​ខេត្តកោះកុង ឆ្ពោះទៅ​ភ្នំពេញ​

​ខេត្តកោះកុង​៖ កម្លាំង​នៃ​ស្នងការ​នគរបាល​ខេត្តកោះកុង សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​ស្រែអំបិល បាន​ចុះបង្ក្រាប​ករណី​រថយន្ត​ដឹកឈើ​ខុសច្បាប់​ចំនួន ៤​គ្រឿង ដែល​បម្រុង​ចេញពី​ខេត្តកោះកុង ឆ្ពោះទៅ​ភ្នំពេញ កាលពី​ល្ងាច ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ នៅ​ចំនុច​ភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​។

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ ទី​១-​ឈ្មោះ ង៉ែត ម៉ៅ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តតាកែវ និង​ទី​២-​ឈ្មោះ ផាន់ ថន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ជាំ​ស្លា ឃុំ​ជី​ផាត ស្រុក​ថ្មបាំង ខេត្តកោះកុង​។ ចំណែក​វត្ថុតាង​ដកហូត​បាន​រថយន្ត​ចំនួន ៤​គ្រឿង គឺ​ម៉ា​កឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2M-9751, ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​មាស ពាក់​ស្លាក​លេខ ភ្នំពេញ​2X-2367, ម៉ាក់​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ​2Z-2755 និង​ម៉ាក​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2W-2986​។

​សូមបញ្ជាក់ថា រថយន្ត​ទាំង ៤​គ្រឿង​នេះ មាន​ផ្ទុក​ពេញ​ទៅដោយ​ឈើ​ខុសច្បាប់ ដោយ​ជនសង្ស័យ​ទាំង ២​នាក់ អង្គុយ​ក្នុង​រថយន្ត​បា​ឡែ​ន ចំណែក​មនុស្ស​ក្នុង​រថយន្ត ៣​គ្រឿង​ទៀត បាន​រត់គេចខ្លួន​ចូល​ព្រៃ​អស់​។ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង បានប្រគល់​ឲ្យ​ទៅខាង​មន្ទីរ​បរិស្ថាន​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕​

   

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close