ករណីឃាតកម្ម អារ-កសម្លាប់នារីវ័យក្មេង នៅក្រុងប៉ោយប៉ែត! សមត្ថកិច្ច ចាប់បានឃាតករហើយ
ជនសង្ស័យក្នុងករណីឃាតកម្មអាកសម្លាប់នារីវ័យក្មេងដែលជាបុគ្គលិកកាស៊ីណូមួយនៅក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី៤ មីនា នៅក្រុងសៀមរាប។
បើតាមសមត្ថកិច្ចថា ជនសង្ស័យក្រោយពីធ្វើសកម្មភាពចាប់រំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ជួលនៅក្រុងប៉ោយប៉ែតរួចមក ជនសង្ស័យបានរត់គេចខ្លួនទៅខេត្តសៀមរាបសំងំលាក់ខ្លួន ហើយក្រោយពីធ្វើការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត និងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងព្រហ្មទណ្ឌនៃអគ្គនាយកដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅក្នុងទីរួមខេត្តសៀមរាប ដោយដកហូតបានកាំបិទមួយដែលបានធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះផងដែរ។
ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ពិតមែន។ ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះទេ ហើយនៅវេលាម៉ោង៨ព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ និងបានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។
បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសកម្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។ ដោយបារម្ភខ្លាចជនរងគ្រោះប្តឹង គេក៏បានយកកូនកំបិតចាក់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។ ក្រោយចាក់សម្លាប់រួច ខ្លួនក៏បានប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។
គួររម្លឹកដែរថា ជនរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មុខរបម្រើការងារនៅកាស៊ីណូ ហ្ក្រេនរីសត រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនល្មើសចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។