បុរស​ម្នាក់ ត្រូវ​ផាកពិន័យ ២​លាន​រៀល ដោយ​មិន​ធ្វើ​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​ពាក់ព័ន្ធ​ប្រយោល​នឹង​អ្នកជំងឺ​កូ​វីដ​-១៩

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានធ្វើការ​ផាកពិន័យ​បុរស​ម្នាក់ មានមុខរ​បរជា​បុគ្គលិក​ធ្វើការ​នៅ​សណ្ឋាគារ​ឯកជន​មួយកន្លែង នៅក្នុង​ក្រុងព្រះសីហនុ និង​មាន​ទីលំនៅ​ទីតាំងនៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ជា​អ្នកពាក់ព័ន្ធ​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវបាន​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បានដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដើម្បី​ធ្វើការ​តាមដាន​សុខភាព តែ​រូបគាត់​មិនបាន​អនុវត្តន៍​តាម​ការណែនាំ ដោយ​បានចេញ​ធ្វើដំណើរ​ជាច្រើន​កន្លែង​ក្នុង​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១​។

​ដូច្នេះ​ព្រឹក​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានសម្រេច​ធ្វើការ​ផាកពិន័យ​លើ​បុរស​រូបនេះ ជា​ប្រាក់​ចំនួន ២​លាន​រៀល យោងតាម​អនុក្រឹត្យ​លេខ​២៧​អនក្រ​.​បក ចុះ​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២១ របស់​រាជរដ្ឋាភិបាល ស្តីពី​វិធានការ​ច​ក្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ម្យ៉ាងទៀត​ជាការ​ព្រមាន ដល់​អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផ្សេងទៀត កុំឱ្យ​យក​គំរូ​តាម និង​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ​ពិសេស (៣.​កុំ និង​៣.​ការពារ​) របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close