យោធាមីយ៉ានម៉ា ព្យាយាមដកប្រាក់ពីធនាគារអាមេរិក មិនបានសម្រេច ត្រូវអាមេរិកបង្កក
ក្រោយការធ្វើរដ្ឋប្រហារ យោធាមីយ៉ានម៉ា បានសម្រេចដកប្រាក់ដែលបានរក្សាទុកនៅធនាគារអាមេរិក ប៉ុន្តែត្រូវអាមេរិក បង្កក ដោយសាតែ អំពើហិង្សាកើតឡើងនៅក្នុងប្រទេសនេះ ពាក់ព័ន្ធបាតុកម្មប្រឆាំងយោធា។ អាមេរិកបានសម្រេចបង្កកប្រាក់ចំនួន១ពាន់លានដុល្លារ នៅក្នុងធនាគារ សហរដ្ឋអាមេរិក នៅទីក្រុងញូវយ៉ក ដើម្បីប្រឆាំងនិងការប្រើហិង្សាទៅលើក្រុមបាតុករ មីយ៉ានម៉ាក្រោយការធ្វើរដ្ឋប្រហារ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កន្លងមកយោធាមីយ៉ានម៉ាបានព្យាយាម បញ្ជូនប្រាក់ទាំងនោះមកប្រទេសវិញ ក្រោយការធ្វើរដ្ឋប្រហារប៉ុន្មានថ្ងៃ។ កាលពីថ្ងៃទី ៤ខែកុម្ភៈគឺក្រោយរដ្ឋប្រហារ៣ថ្ងៃ ធនាគារជាតិមីយ៉ានម៉ា បានទៅដកប្រាក់ពី ធនាគារអាមរិក ប៉ុន្តែ ត្រូវបាន អាមេរិក បង្កក មិនឲ្យដកចេញនោះឡើយ ។
សកម្មភាពខាងលើកើតឡើងក្រោយពេលរដ្ឋាភិបាលយោធា មីយ៉ានម៉ា បានតែងតាំងប្រធានធនាគារជាតិ ថ្មី ក្រោយការដកប្រធានធនាគារចាសក្រោយការធ្វើរដ្ឋប្រហារ ។ នៅថ្ងៃទី៤ខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលអាមេរិក ក៏បានរិតត្បិត ការនាំចេញរបស់មីយ៉ានម៉ាទៅកាន់ទឹកដីអាមេរិកផងដែរ ។ មិនតែប៉ុណ្ណោះអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើយោធាមីយ៉ានម៉ា។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានឲ្យដឹងថា អាមេរិក បានដាក់ទណ្ឌកម្មថ្មីទៅលើប្រទេស តំបន់អាស៊ានមួយនេះ ក្រោយពេលកម្លាំងយោធា ប្រើហិង្សាបំបែកក្រុមបាតុករបណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។ នៅពេលនេះអាមេរិក កាណាដា សហគមន៍អឺរ៉ុប អង់គ្លេស បានសម្រេចដាក់ទណ្ឌកម្ម ទៅលើប្រទេសមីយ៉ានម៉ា ។ តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មកទល់ពេលនេះមានមនុស្ស ៥៤នាក់ស្លាប់នៅក្នុងប្រទេសមីយ៉ានម៉ា និងបាតុករ១៧០០នាក់ត្រូវយោធាចាប់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។