ពលករខ្មែរជាង៣០០នាក់ ចេញពីខេត្តបន្ទាយមានជ័យ ត្រូវមកធ្វើចត្តាឡីស័ក នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារទៅសម្របសម្រួល និង ដឹកជញ្ជូនបងប្អូនពលករពីខេត្តបន្ទាយមានជ័យ សរុប ៣២៤នាក់ ក្នុងនោះស្រីចំនួន១៣៨នាក់ តាមរថយន្តយោធាចំនួន១៧គ្រឿង ឆ្ពោះមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាប បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា។
គួររំលឹកថា តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យលើសភាពការណ៍នៅក្នុងព្រះរាជាណាចក្រថៃ គឺសម្ដេចសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ប៉ុន្តែនឹងត្រូវបន្តឲ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមានការសង្ស័យ។
ជាមួយគ្នា ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣កុំ ចូលរួម ស្កេនQR Code ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមស្ម័គ្រចិត្តយកសំណាក ក្នុងករណីបងប្អូនទើបតែមក ឬពាក់ព័ន្ធនឹងកន្លែងដែលមានហានិភ័យ ដែលក្រសួងសុខាភិបាល បានប្រកាសកន្លងមក ក្នុងនោះសូមម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ហាងទំនិញ ផ្សារ សូមចុះឈ្មោះស្នើសុំ QR Code ដើម្បីចូលរួមចំណែក បង្ការ ទប់ស្កាត់ និងងាយស្រួលស្រាវរកអ្នកមានពាក់ព័ន្ធនឹងជំងឺកូវីដ១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។