រដ្ឋបាល​ខេត្តសៀមរាប ប្រកាសថា ពលរដ្ឋ​ម្នាក់ នៅ​ស្រុក​ពួក មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩

​ខេត្តសៀមរាប​៖ តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១​នេះ មាន​ករណី​ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​-១៩ លើក​ទី​១ ទៅលើ​ស្ត្រី​មួយរូប​ឈ្មោះ ហ៊​ន់ ស៊ី​នឿ​ត ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​លំនៅឋាន​នៅ​ភូមិ​ព្រៃវែង ឃុំ​សំរោង​យា ស្រុក​ពួក ហើយ​បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល​នៅ​អគារ​ជំងឺឆ្លង នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

​បើតាម​ការបំភ្លឺ​របស់​សាមីខ្លួន និង​ការស្រាវជ្រាវ​របស់​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ខេត្តសៀមរាប បាន​បង្ហាញថា លោកស្រី ហ៊​ន់ ស៊ី​នឿ​ត បាន​បម្រើ​ការងារ​នៅ​សណ្ឋាគារ ជិន​យិន​ថៃ ខេត្ត​ព្រះសីហនុ ហើយ​បានចេញ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ នា​វេលា​ម៉ោង​២៣​នា​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ តាមរយៈ​រថយន្ត​តាក់ស៊ី​មកដល់​រាជធានី​ភ្នំពេញ ហើយ​បាន​បន្តដំណើរ​ដោយ​ជិះ​រថយន្តក្រុង​មកដល់​ខេត្តសៀមរាប នៅវេលា​ម៉ោង​១៧៖៣០​នាទី នា​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១​។​

​ដោយឡែក បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា បន្ទាប់ពី​លោកស្រី ហ៊​ន់ ស៊ី​នឿ​ត បានមក​ដល់​ខេត្តសៀមរាប​ហើយ​នោះ គាត់​បាន​ជួល​ផាស់​សអាប់​ជិះ​មកដល់​មុខ​ផ្សារ​ពួក ក្នុងស្រុក​ពួក ក៏បាន​ទូរស័ព្ទ​ហៅ​បងស្រី​ឈ្មោះ ហ៊​ន់ ស៊ីណាន នៅ​ភូមិ​ជាមួយគ្នា​ឱ្យមក​យក​ខ្លួន​នៅមុខ​ផ្សារ​ពួក ខណៈពេល​មកដល់​ផ្ទះ​ឈ្មោះ ហ៊​ន់ ស៊ី​នឿ​ត បាន​ដើរចូល​ផ្ទះ​នៅតែ​ម្នាក់ឯង ដោយ​ពុំបាន​នៅ​ជួបជុំ​ជាមួយ​ម្តាយ​ឪពុក​បងប្អូន លុះ​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ ឈ្មោះ ហ៊​ន់ ស៊ីណាន បាន​ទៅ​លើក​ជំនូន​ពិធីមង្គលការ កូនកំលោះ​ឈ្មោះ ឆន ប៉ូ​ឡែ​ន និង​កូនក្រមុំ​ឈ្មោះ សាត ហ័ស ស្ថិតនៅ​ភូមិ​ព្រៃវែង ឃុំ​សំរោង​យា ស្រុក​ពួក ដោយ​ពុំបាន​ពាក់​ម៉ាស់​ទេ​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ស្រុក​ពួក បានធ្វើការ​អំពាវនាវ អញ្ជើញ​បងប្អូន​ដែល​បាន​ចូលរួម​ពិធីមង្គលការ​កូនកំលោះ​ឈ្មោះ ឆន ប៉ូ​ឡែ​ន និង​កូនក្រមុំ​ឈ្មោះ សាត ហ័ស កាលពី​ថ្ងៃទី​០៨ ខែមីនា ឆ្នាំ​២០២១ ស្ថិតនៅ​ភូមិ​ព្រៃវែង ឃុំ​សំរោង​យា ស្រុក​ពួក និង​អ្នក​ដែលមាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​ឈ្មោះ ហ៊​ន់ ស៊ី​នឿ​ត និង​ឈ្មោះ ហ៊​ន់ ស៊ីណាន តាម​ពេលវេលា និង​ទីតាំង​ដែល​បាន​រៀបរាប់​ខាងលើ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត​សំណាក​ដែលមាន​ទីតាំងនៅ​សាលាបឋមសិក្សា​ដូន​ស្វា ក្នុង​ឃុំ​សំរោង​យា ឱ្យបាន​ឆាប់​បំផុត​។

​បច្ចុប្បន្ន រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក​ពួក និង​ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ខេត្តសៀមរាប បាន​ចាត់វិធានការ​ស្រាវជ្រាវ កំណត់​មុខសញ្ញា​ជន​ដែល​បាន​ជាប់​ពាក់ព័ន្ធ និង​យក​សំណាក​ទៅធ្វើ​តេស្ត​។

​សូមបញ្ជាក់ថា តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ក្នុង​សហគមន៍​ចំនួន​៦៤​នាក់​ថែមទៀត ខណៈ​អ្នកជំងឺ​១១​នាក់ បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ ដូច្នេះ​គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ១.១២៤​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន ៥៤៩​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៥៧៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close