ផ្អាករាល់កម្មវិធីនានា ជាបណ្តោះអាសន្ន នៅទូទាំងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី១០ ខែមីនានេះ បានចេញលិខិតមួយច្បាប់ ទៅអភិបាលក្រុង-ស្រុកទាំង៧ ស្តីពីការផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗនៅទូទាំងខេត្ត។
ការចេញលិខិតនេះ ដោយសារតែស្ថានភាពបច្ចុប្បន្នជំងឺកូវីដ១៩ ពាក់ព័ន្ធព្រឹត្តិការណ៍ថ្ងៃទី២០ ខែកុម្ភៈ បាននិងកំពុងរីករាលដាលក្នុងសហគមន៍គួរឱ្យព្រួយបារម្ភ។ ដូចនេះ ដើម្បីចូលរួមទប់ស្កាត់ បង្ការការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ លោកអភិបាលខេត្ត បានប្រាប់ឱ្យអភិបាលក្រុង-ស្រុក ធ្វើការផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំ សង្កាត់ ឱ្យផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានមនុស្សចូលរួមច្រើន ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តណែនាំដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងតាមវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ ៣កុំ និង៣ការពារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។