អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល ជូនស្ត្រីជានគរបាល ដែលបំបៅដោះកូន ក្នុងពេលប្រតិបត្តិការការងារ
ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចេញលិខិតមួយច្បាប់ស្នើឱ្យឯកឧត្ដមអភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តលោកស្រីអនុសេនីយ៍ទោម្នាក់ ដែលកំពុងបម្រើការងារនៅអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅដោះកូនក្នុងពេលប្រតិបត្តិការការងារ ដើម្បីកុំឲ្យគាត់បាក់ទឹកចិត្ត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ស្ត្រីក្នុងឱកាសទិវាអន្តរជាតិនារីខួបទី១១០។
ការចេញលិខិតនេះ បន្ទាប់ពីបានឃើញអត្ថបទដែលផ្សព្វផ្សាយអំពីអធិការស្រុកសៀមប៉ាង ដែលបានកោះហៅលោកស្រីនគរបាលម្នាក់ដែលគាត់បំបៅកូននៅតុការងារតាមផ្លូវ ប្រហែលជានគរបាលចរាចរណ៍ ដើម្បីទៅព្រមាន និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការបំបៅដោះកូនបែបនេះ។
លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ទៀតថា បានអានអត្ថបទនេះ ខ្ញុំមានការសោកស្តាយជាខ្លាំង ដែលលោកអធិការបានប្រើឥរិយាបទបែបនេះ និងមិនបានវែកញែកឲ្យច្បាស់ ពីកំហុស និងពីគុណសម្បត្តិ។ ឯកឧត្តមអភិបាល មេត្តាជ្រាប ថា ក្នុងស្ថានភាពជាស្ត្រី ដែលមានភារកិច្ចទទួលខុសត្រូវទ្វេដង លើសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គ ភាពស្ថាប័នផង និងត្រូវចិញ្ចឹមបីបាច់ថែទាំកូន តាំងពីនៅក្នុងផ្ទៃរហូតកើតមក និងបន្តទៅទៀតដល់ពេញវ័យ បើទោះបីជាបុរស ជាស្វាមី ឬអ្នកដែលជាថ្នាក់ដឹកនាំមិនបានយកចិត្តទុកដាក់ បង្កលក្ខណៈឲ្យនាងទទួល បាននូវឱកាសថែទាំកូនបានងាយស្រួលយ៉ាងណាក៏ដោយ ក៏នាងមិនបានបោះបង់កូន និងការងារស្នូល របស់នាងដែរ ។ នេះជាទង្វើ ដែលខ្ញុំជាស្ត្រីម្នាក់ សូមគោរពកោតសរសើរ នូវឆន្ទៈ ដ៏មុះមុត ក្នុងការបំពេញ ការកិច្ចរបស់មន្ត្រីជាស្ត្រី ទោះជាប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ ។
ជាមួយគ្នានេះដែរ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកា ចំនួន ៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រី អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។