តៃវ៉ាន់ ជ្រើសរើស ទាហានបន្ថែម ក្រោយអាមេរិកប្រកាសថាកោះតៃវ៉ាន់នឹងរងការវាយប្រហារនៅឆ្នាំ
មេទ័ពកំពូលម្នាក់នៃសហរដ្ឋអាមេរិកបានអះអាងថា យ៉ាងហោចណាស់ ០៦ឆ្នាំទៀត (ឆ្នាំ២០២៧) ចិនអាចនឹងវាយប្រហារកោះតៃវ៉ាន់ ដែលជំហានបែបនេះ គឺស្ថិតនៅក្នុងគោលដៅ ធ្វើឲ្យអំណាចយោធាអាមេរិក នៅអាស៊ីចុះទន់ខ្សោយ។ សារព័ត៌មាន Taiwan News បានផ្សាយថា ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី៩ខែមីនា បានប្រកាសគម្រោងជ្រើសរើសកម្លាំងទាហានបន្ថែម១៨០០០នាក់ នៅក្នុងឆ្នាំ២០២១ ដើម្បីបង្កើនសមត្ថភាពការពារ ទប់ស្កាត់ការវាយប្រហារពីប្រទេសចិន។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី ៣ខែមីនា ឧត្តមសេនីយ៍ Xia De Yu បានឲ្យដឹងថា កម្លាំងទាហានកោះតៃវ៉ាន់ នឹងជ្រើសរើសទាហានបន្ថែម១៨២៩៤នាក់ទៀតសម្រាប់ឆ្នាំ២០២១ ។ ទាហានថ្មីនឹងត្រូវបណ្តុះបណ្តាលដើម្បីបម្រើការនៅស្ថាប័នចំនួន៩ផ្សេងគ្នា ។ លោក Xia បានបន្តទៀតថា ការជ្រើសរើសទាហានឆ្នាំនេះមានច្រើនជាងឆ្នាំ២០២០ ។ ដើម្បី កាត់បន្ថយការជះឥទ្ធិពលដោយសារតែចំនួនទារកកើតតិចនៅលើកោះនេះ កោះតៃវ៉ាន់ បានសម្រេចជ្រើសរើសសិស្សដែលទើបតែបញ្ចប់ការសិក្សាថ្នាក់ទី១២ និងក្រុមនិស្សិត ។
ទំនាក់ទំនងរវាងកោះតៃវ៉ាន់ និង ចិនដីគោកកាន់តែតានតឹងក្រោយលោកស្រី Tsai Ing-wen ឡើងកាន់តំណែងប្រធានាធិបីកាលពីឆ្នាំ២០១៦ ។ ការជ្រើសរើសកម្លាំងទហានកើតឡើងក្រោយ លោកឧត្តមនាវី ហ្វីលីព ដេវីដសុន (Philip Davidson) មេបញ្ជាការកងទ័ពជើងទឹកអាមេរិក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំព្រួយបារម្ភថាពួកគេ (ចិន) កំពុងតែបង្កើនមហិច្ឆតា ដើម្បីចូលមកជំនួសសហរដ្ឋអាមេរិក និងភាពជាអ្នកដឹកនាំរបស់យើង នៅក្នុងការអនុវត្តច្បាប់ និងរក្សាសណ្តាប់ធ្លាប់អន្តរជាតិ… គឺនៅឆ្នាំ២០៥០…»។
លោក ហ្វីលីព ដេវីដសុន បានសង្កត់ធ្ងន់ប្រាប់គណៈកម្មាធិការមួយ នៃព្រឹទ្ធសភាអាមេរិកថា «កោះតៃវ៉ាន់ គឺពិតណាស់ថា ស្ថិតនៅក្នុងចំណោមមហិច្ឆតាមួយរបស់ពួកគេ។ ខ្ញុំគិតថា ការគំរាមកំហែងនឹងអាចកើតឡើង នៅក្នុងទសវត្សរ៍នេះ… ហើយអ្វីដែលជាការពិត… គឺយ៉ាងហោចណាស់នៅរយៈពេល ០៦ឆ្នាំខាងមុខ»។
គួរបញ្ជាក់ថា កោះតៃវ៉ាន់បានផ្តាច់ខ្លួនចេញពីចិន ក្រោយសង្គ្រាមស៊ីវិលមួយបានបិទបញ្ចប់ កាលពីឆ្នាំ១៩៤៩។ ដោយឡែកទីក្រុងវ៉ាស៊ីនតោន បានលែងទទួលស្គាល់កោះតៃវ៉ាន់ ហើយងាកមកទទួលស្គាល់ «នយោបាយចិនតែមួយ» វិញនៅឆ្នាំ១៩៧៩ ដែលប្រការនេះ គឺស្មើនឹងការទទួលស្គាល់ថា តៃវ៉ាន់ត្រឹមតែជាខេត្តមួយ របស់ប្រទេសចិនប៉ុណ្ណោះ។
ចំពោះការលើកឡើងពីសំណាក់ មេទ័ពជើងទឹកអាមេរិកថា ចិននឹងវាយប្រហារកោះតៃវ៉ាន់នៅឆ្នាំ២០២៧នោះ គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយ ពីសំណាក់ចិននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។