កម្ពុជា ដំណើរការ​ត្រួតពិនិត្យ​ចម្ការ​ស្វាយ និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ ក្នុង​ផ្លែស្វាយ មុន​នាំ​កាន់​ទីផ្សារ​ប្រទេស​ចិន​

​ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការវាយតម្លៃ​រួមគ្នា​របស់​តំណាង​អគ្គ​រដ្ឋបាល​គយ​នៃ​សា​ធារ​ដ្ឋ​ប្រជាមានិត​ចិន និង​ក្រុមការងារ​អគ្គនាយកដ្ឋាន​កសិកម្ម កម្ពុជា មុន​ការអនុញ្ញាត​ឲ្យ​នាំ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​ ​ដូច​តាម​ការគ្រោងទុក។

ជាក់ស្តែងកាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ក្រុមការងារ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ដំណើរការ​ត្រួតពិនិត្យ​ចម្ការ​ស្វាយ និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​ពងរុយ​ក្នុង​ផ្លែស្វាយ តាម​អន​ឡាញ​ជាមួយ​ភាគី​គយ​នៃ​ខេត្ត​ក្វាង​ស៊ី តំណាង អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅលើ​ទីតាំង​ចំនួន​៧ ដែល​បាន​គ្រោងទុក​។​

​បន្ទាប់ពី​ការ​បូកសរុប​នូវ​លទ្ធផល​នៃ​កិច្ចដំណើរការ​វាយតម្លៃ​៖
​ក្រុមការងារ​ភាគី​ចិន សន្យា​នឹង​ផ្តល់​លទ្ធផល​តាមរយៈ​របាយ​ការណ៍​វាយតម្លៃ​ក្នុង រយៈពេល​១​សប្ដាហ៍​បន្ទាប់ពី​កិច្ចប្រជុំ​នេះ​។ ក្រុមការងារ​អគ្គនាយកដ្ឋាន​កសិកម្ម នឹង​ខិតខំ​ជំរុញ ឲ្យ​ក្រុមហ៊ុន​ធ្វើការ​កែលម្អ​នូវ​ចំណុច​ខ្វះខាត ឱ្យបាន​លឿន​បំផុត ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​ខាន​តែ​បាន​ក្នុង​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ទៅកាន់​ប្រទេស​ចិន នៅក្នុង​ឆ្នាំនេះ​។​

​សូមបញ្ជាក់ថា មូលហេតុ​ចម្បង​នៃ​ការអូសបន្លាយ​ពេលវេលា នៃ​ការធ្វើ​សេចក្តីសម្រេចចិត្ត​ក្នុងការ​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ផ្លែស្វាយ​ស្រស់​ចេញពី​កម្ពុជា​នោះ គឺ​៖
១. ការយល់ដឹង​របស់​ក​ម្ពុ​ជា​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង អនាម័យ​និង​ភូតគាម​អនាម័យ (​ទាំង​ការ​នាំចូល​និង​នាំចេញ​ផលិតផល​កសិកម្ម និង​ទាំង​ការដាំដុះ​ដំណាំ​) នៅមានកម្រិត ដោយ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ពុំទាន់​មានច្បាប់​ស្តីពី អនាម័យ​និង​ភូតគាម​អនាម័យ នៅឡើយ​ដែរ ។
២. ផ្លែស្វាយ​ជា​ប្រភេទ​ផ្លែឈើ​មួយ​ដែលមាន​សក្តានុពល ផ្ទុក​ពងរុយ ដែល​នឹង​អាច​ចាប់ផ្តើម​ញ​ស់​ជា​ដង្កូវ ហើយ​ក្លាយជា​សត្វ​រុយ អាច​ទៅ​បំផ្លាញ​ដំណាំ​នានា​នៅក្នុង​ប្រទេស​នាំចូល ដែលមាន​ភូមិសាស្ត្រ​ស្ថិតនៅក្នុង​តំបន់ មាន​ស្ថានភាព​នៃ​អាកាសធាតុ និង​បរិស្ថាន ប្រហាក់ប្រហែលគ្នា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close