រមណីយដ្ឋាន​ទឹកធ្លាក់​ហោង នៅ​ខេត្ត​ត្បូងឃ្មុំ ត្រៀម​ទាក់ទាញ​ភ្ញៀវទេសចរ​

ខេត្ត​ត្បូងឃ្មុំ​៖ កាលពី​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០២១ មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​ដោយ​លោក អឿន រិ​ទ្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​មន្ត្រីរាជការ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​សង្កាត់ បាន​ចុះ​ពិនិត្យ​ដល់ទី​តាំង​រមណីយដ្ឋាន ទឹកធ្លាក់​ហោង ដើម្បី​ដាំ​កូនឈើ​តាម​ដងផ្លូវ អម​មាត់​អូរ សម្រាប់​ភ្ញៀវទេសចរ​មកលេង​កម្សាន្ត និង​បាន​ណែនាំ​អាជីវករ​ឲ្យ​សំអាត​បរិស្ថាន ទុកដាក់​សម្រាម​ក្នុង​ធុង​ឲ្យ​បាន​ត្រឹមត្រូវ សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខាងមុខ​។​

​សូមជម្រាបថា រមណីយដ្ឋាន​ទឹកធ្លាក់​ហោង ជា​រមណីយដ្ឋាន​ធម្មជាតិ ក្នុងចំណោម​រមណីយដ្ឋាន​ជាច្រើន​ទៀត​ក្នុង​ខេត្ត​ត្បូងឃ្មុំ ស្ថិតក្នុង​ឃុំ​កំពាន់ ស្រុក​មេមត់ មាន​ចម្ងាយ​ប្រមាណ ៣៨​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​ត្បូងឃ្មុំ​។ ទឹកធ្លាក់​ហោង គឺជា​តំបន់ភ្នំ​ក្រំ​ថ្ម ហើយ​រូង​ថ្ម​រាប់សិប​ម៉ែត្រ ដែលមាន​ល្បាក់​ទឹកធ្លាក់​ជាច្រើន​ថ្នាក់ ហើយ​មាន​ទេសភាព​ស្រស់បំព្រង និង​ខ្យល់អាកាស​បរិសុទ្ធ​។​
​ភ្ញៀវទេសចរ​តែងតែ​នាំគ្នា​ទៅ​ទស្សនា​ទេសភាព​ពិតៗ និង​ហែល​ទឹក​កម្សាន្ត​លេង​ជាមួយ​ទឹក​ហូរ នា​ខែវស្សា ក៏ដូចជា​ទៅ​ដើម្បី​អធិដ្ឋាន​ព្រះពុទ្ធ​បដិមា និង​សុំ​ពរជ័យ​ពី​ព្រះសង្ឃ​ដែល​នៅ​ទីនោះ​។​

​ក្នុងនោះដែរ​មន្ទី​ទេសចរណ៍​បាន​អំពាវនាវ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ ដែល​មក​ក​ម្រា​ន្ត​តំបន់​នេះ​រួមគ្នា​រៀបចំ​ថែរក្សា​ទឹកធ្លាក់ និង​ល្អាង​ថ្ម​ហោង ឲ្យ​មាន​សម្រស់​ធម្មជាតិ​ស្រស់ត្រកាល​ជាទី​កម្សាន្ត​ដ៏​សែន​មនោ​រម្យ​បែប​ធម្មជាតិ សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​សម្រាក​លំហែកាយ​នៅទីនេះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close