១០​ឆ្នាំ នៃ​គ្រោះមហន្តរាយ ហ្វូ​គូ​ស៊ី​ម៉ា សុវត្ថិភាព​បរមាណូ​គឺជា​ការ​ប្រ​ឈ​មុខ​ដំបូង​គេ​

​កាលពី​១០​ឆ្នាំមុន​នៅ​ថ្ងៃទី ១១​ខែមីនា​ឆ្នាំ​២០១១ មា​ករណី​រញ្ជួយ​ដី ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន បានកើត​ឡើង​នៅ​ឆ្នេរសមុទ្រ​ភាគ ខាងជើង​នៃ​ប្រទេស​នេះ បង្ក​ឲ្យ​មាន​រលក​យក្ស​ស៊ូណាមិ កម្ពស់​៤៣​ម៉ែត្រ បំផ្លាញ តំបន់ឆ្នេរ​សមុទ្រ​ជម្រៅ ១០​គីឡូម៉ែត្រ ។ គ្រោះមហន្តរាយ​នោះបាន​សម្លាប់​មនុស្ស​ជិត​២​ម៉ឺន​នាក់ ហើយ​បំផ្លាញ​ទីតាំង​បរមាណូ Fukushima Daiichi បង​ឲ្យ​មាន​វិបត្តិ​វិទ្យុសកម្ម នៅក្នុង​តំបន់​។​

​ក្រៅពី​ផ្ដាច់ជីវិត​មនុស្ស គ្រោះ​រញ្ជួយ​ដី​យ៉ាង​កក្រើក​កម្រិត ៩.០​រ៉ិ​ច​ទ័​រ​បាន​បង្ក​រលក​យក្ស​ស៊ូណាមិ​កម្ពស់​ជាង ៣០​ម៉ែត្រ ដោយបាន​បំផ្លាញ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ហ្វូ​គូ​ស៊ី​ម៉ា ដៃ​អ៉ី​ឈិ (Fukushima Daiichi) ក្នុង​ក្រុង​អូ​គូ​ម៉ា (Okuma) នៃ​ខេត្ត Fukushima ធ្វើឱ្យ​លេច​ធ្លាយ​សារធាតុ​វិទ្យុសកម្ម ដែលជា​មហន្តរាយ​នុយក្លេអ៊ែរ​អាក្រក់​បំផុត នៅលើ​ពិភពលោក គិត​ចាប់​តាំងតែ​ពី​គ្រោះ មហន្តរាយ​នៅ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ ឆឺ​ណូ​ប៊ូល (Chernobyl) របស់​សហភាពសូវៀត​កាលពី​ឆ្នាំ​១៩៨៦​មក​។​

​ព្រះ​ចៅ​អធិរាជ​ជប៉ុន ណា​រុ​ហ៊ី​តុ (Naruhito), នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ (Suga Yoshihide), និង​ប្រជាជន​ជប៉ុន​ទាំងឡាយ នឹង​ប្រារព្ធ​ពិធី​ស្មឹង​ស្មា​ធ​គោរព​វិញ​ណ​ក្ខ​ន្ធ នៅវេលា​ម៉ោង ២៖៤៦​នាទី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ (​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ​) ជូន​ដល់​ជនរងគ្រោះ​នៅក្នុង​ព្រឹត្តិការណ៍​គ្រោះ​រញ្ជួយ​ដី និង​មហា​រលក​យក្ស​ស៊ូណាមិ ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១១ ខណៈ​ពិធី​ជាច្រើន​ទៀត ក៏ត្រូវ​បាន​គេ​គ្រោង​នឹង​រៀបចំឡើង នៅ​ទូទាំង​តំបន់​ភាគ​ឦសាន នៃ​ប្រទេស​ជប៉ុន​ផងដែរ​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ជប៉ុន​បាន​ចំណាយ​ប្រា​ក់ជាង ៣០០​ពាន់​លាន​ដុល្លារ ដើម្បី​ជួសជុល​តំបន់​រង​ការខូចខាត និង​បំផ្លាញ​ដោយ​រលក​យក្ស​ស៊ូណាមិ ប៉ុន្តែ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fukushima Daiichi នៅតែ​ស្ថិតនៅក្រោម​ការដាក់កំហិត​នៅឡើយ ដោយសារ​បារម្ភ​ពី​សារធាតុ​វិទ្យុសកម្ម​។ បើតាម​ការស្ទង់មតិ ធ្វើឡើង​ដោយ​ទូរទស្សន៍ NHK ប្រជាជន​ជប៉ុន ៨៥​ភាគរយ នៅតែ​ព្រួយបារម្ភ​ពី​ឧ​ប្ប​ដិ​ហេតុ​នុយក្លេអ៊ែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close