អាជ្ញាធរ​ជាតិ​អប្សរា កំពុង​បង្កើន​សកម្មភាព​ថែទាំ​តំបន់​រមណីយដ្ឋាន​អង្គរ ត្រៀម​ទទួលភ្ញៀវ​សាជាថ្មី​

​ខេត្តសៀមរាប​៖ ការរីក​រាលដាល​ជា​សាកល​នៃ​ជំងឺ​កូ​វីដ ១៩ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​នៅ​តំបន់​អង្គរ មាន​ភាពស្ងប់ស្ងាត់​ខ្លាំង​។ ភ្ញៀវ​ស្ងាត់ តែ​ការងារ​នៅ​អង្គរ​មិន​ស្ងាត់​នោះទេ​។ ការរៀបចំ​សណ្តាប់ធ្នាប់​តូប​លក់ដូរ ការស្តារ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ដាំ​សួន ដាំ​កូនឈើ ថែទាំ ទល់​ទ្រ និង​ជួសជុល​ប្រាសាទ​ជាដើម គឺជា​សកម្មភាព​ដែលមាន​ជាប្រចាំ​នៅ​អង្គរ​។

​ដោយឡែក​ភ្នាក់ងារទេសចរណ៍ ដែល​នៅ​ជាប្រចាំ​តាម​ប្រាសាទ​ក្នុងការ​ណែនាំ​ភ្ញៀវ សម្របសម្រួល​បញ្ហា​ផ្សេងៗ និង​ទប់ស្កាត់​ភាពឆ្គាំឆ្គង​ភ្ញៀវទេសចរ​ដែល​ផ្ទុយ​នឹង​ក្រម​ប្រតិបត្តិ​អង្គរ នៅ​បន្ត​បំពេញការងារ​របស់ខ្លួន​តាម​ប្រក្រតី​។ ពិត​ហើយ ភ្ញៀវទេសចរ​នៅសល់​តិចតួច តែ​មិនមែន​អត់​នោះទេ ហើយ​បញ្ហា​អាច​នឹង​កើតមានឡើង សូម្បីតែ​ភ្ញៀវទេសចរ​ម្នាក់​ឬ​ពីរ​នាក់ បើ​យើង​មើល​មិន​ដិតដល់​ទេនោះ​។​

​ក្រៅពី​ភារកិច្ច​របស់ខ្លួន​ជាមួយ​ភ្ញៀវទេសចរ ភ្នាក់ងារ​ក៏បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​ផ្សេងៗ ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​តំបន់​អង្គរ ដូចជា ការចូលរួម​សម្អាត​បរិស្ថាន ការតាមដាន​ស្ថានភាព​ហានិភ័យ​នៃ​ថ្ម​ប្រាសាទ និង​កិច្ចការ​អភិរក្ស ជួសជុល​ប្រាសាទ​ជាដើម​។

​សកម្មភាព​ជាប្រចាំ​នេះហើយ ដែល​ធ្វើឱ្យ​រមណីយដ្ឋាន​អង្គរ នៅតែ​រក្សាបាន​នូវ​ភាព​ស្អាត គង់វង្ស​យូរអង្វែង​។ ជាពិសេស តាមរយៈ​ការស្តារ​ហេ​ដ្ឋា​រចនា​សម្ពន្ធ និង​ការរៀបចំ​សួន​ជាដើម កាន់តែ​បន្ថែម​សម្រស់​ដល់​រមណីយដ្ឋាន​អង្គរ​។ នេះ​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​បន្ថែមទៀត ក្រោយ​ស្ថានភាព​កូ​វីដ​_១៩​បាន​ធូរស្បើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close