មី​យ៉ាន់​ម៉ា មាន​បាត​ករ​១១​នាក់​ទៀត​ស្លាប់ ធ្វើ​ឲ្យ​ចំនួន​អ្នកស្លាប់​កើនឡើង​១៣៨​នាក់​

​ស្ថានភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា មិនមាន​ការ​ថមថយ​នោះឡើយ ហើយ​នៅ​ថ្ងៃទី ១៥​ខែមីនា មាន​បាតុករ​១១​នាក់​ទៀត​ស្លាប់ ដោយ​ការបង្ក្រាប់​ពី​កម្លាំង​ប៉ូលិស ធ្វើ​ឲ្យ​អ្នកស្លាប់ កើនឡើង​ដល់​ទៅ​១៣៨ នាក់ ចាប់តាំងពី​ផ្ទុះ​បាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ នៅ​ថ្ងៃទី​១​ខែកុម្ភៈ​។​

​កាលពី​ថ្ងៃទី​១៥​ខែមីនា ឆ្នាំ​២០២១ សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ដល់​ភាគី​ទាំងសង្ខាង​រក្សា​ការអត់ធ្មត់ ក្រោយ​មាន​បាតុករ ១១​នាក់​ស្លាប់​បន្ថែមទៀត ។ មកទល់ពេលនេះ បណ្តា​មេទ័ព​មី​យ៉ាន់​ម៉ា មិន​ចាប់អារម្មណ៍ ទៅលើ​ការអំពាវនាវ​ពី​សហគមន៍​អន្តរជាតិ​នោះឡើយ​។​

​កាលពី​ថ្ងៃទី​១៤​ខែមីនា គឺជា​ពេលវេលា មាន​ករណី​ស្លាប់​ច្រើនជាងគេ ដោយមាន​បាតុករ ដល់​ទៅជិត​៤០ នាក់​ស្លាប់ ដោយ​ការបង្ក្រាប់​ពី​កម្លាំង​ទាហាន ក្រោយ​មាន​រោងចក្រ ក្រុមហ៊ុន​របស់​ចិន​ជាច្រើន​រង​ការវាយប្រហារ​ដុតបំផ្លាញ​។​

​កា​រប​ង្រា​ប់​យ៉ាង​ចាស់ដៃ​ពី យោធា​នៅ​ថ្ងៃទី ១៤ មិនបាន​ធ្វើ​ឲ្យ​ក្រុមបាតុករ រាថយ​នោះឡើយ ដោយនៅ​ថ្ងៃទី​១៥​ខែមីនា ពលរដ្ឋ​នៅតែ​បន្តធ្វើ​បាតុកម្ម​ដដែល​ហើយ​លទ្ធផល​មាន​មនុស្ស ១១​នាក់​ទៀត​ស្លាប់​។​

​ជាមួយគ្នានេះដែរ បណ្តាញ​ទូរទស្សន៍ គ្រប់គ្រង​ដោយ​យោធា បាន​បញ្ជាក់ថា នៅក្នុង​អំពើហិង្សា​កាលពី​ថ្ងៃទី ១៥​ខែមីនា មាន​ប៉ូលិស​ម្នាក់​ស្លាប់​ផងដែរ​។​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ សាមគ្គី​គ្នា ជាមួយ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ដើម្បី​បំពេញ​ការចង់បាន​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​នៅពេល​នេះដែរ លោកស្រី​អោ​ង​សាន​ស៊ូ​ជី​រង​ការ​ចោទ ៤​ករណី​ផ្សេងគ្នា ក្នុងនោះ​មាន​អំពើពុករលួយ​។ នៅពេលនេះ​តុលាការ​មី​យ៉ាន់​ម៉ា បាន​ពន្យា​ពេល​កាត់ក្តី លោកស្រី​ស៊ូ​ជី​រហូតដល់ ចុងខែ​មីនា ឆ្នាំ​២០២១​ដ​ដ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close