ស្ថានភាពក្នុងប្រទេសមីយ៉នម៉ា កាន់តែអាក្រក់ គណៈសង្ឃបានលូកដៃហើយ
មូលហេតុដែលឈានដល់ ការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី ១ខែកុម្ភៈ ជាដើមហេតុបង្កឲ្យមានវិវាទ កាន់តៃខ្លាំងឈានដល់បាតុកម្ម បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើន។ ការធ្វើរដ្ឋប្រហារដោយសារតែគោលដៅរបស់ថ្នាក់ដឹកនាំយោធាមិនបានសម្រេចគោលបំណងធ្វើជាប្រធានាធិបតី មីយ៉ានម៉ា។
ទំនាក់ទំនងរវាងមេទ័ព Min Aung Hlaing និង លោកស្រីស៊ូជី កាន់តែអាក្រក់ទៅ នៅឆ្នាំង ២០១៥ ក្រោយការបោះឆ្នោត ហើយបន្តវិវឌ្ឍកាន់តែអាក្រក់ ដោយសារវិវាទក្នុងការបែងចែកអំណាច ដោយលោកស្រីស៊ូជី ចងឲ្យមានការកែទម្រង់ក្នុងវិស័យយោធា ។
នៅក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកាឆ្នាំ២០២០ ពេលនោះមេទ័ព Aung Hlaing សង្ឃឹមថានឹងទទួលបានកៅអីប្រធានាធិបតី ដោយខ្លួនមាន២៥%រួចជាស្រេចនៅក្នុងសភា ហើយបើគណបក្ស ស្និទ្ធយោធា USDP ទទួលបានតែ ២៦%ទៀតប៉ុណ្ណោះ លោកនឹងទទួលបានតំណែងប្រធានាធិបតីមកគ្រប់គ្រង ។ ប៉ុន្តែការបោះឆ្នោតគឺផ្ទុយពីការចង់បានរបស់យោធា ដោយពេលនោះ គណបក្សរបស់លោកស្រីស៊ូជីទទួលបានដល់ទៅ ៩២% ។ ទាំងនោះហើយទើបមានការចោទប្រកាន់ ពីការបន្លំសន្លឹកឆ្នោតឈានដល់ការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១។
នៅពេលនេះដែរ គណៈកម្មការព្រះសង្ឃមីយ៉ាន់ម៉ាបានប្រឹក្សាជាមួយ ក្រសួងធម្មការ នៅថ្ងៃទី ១៨ ខែមីនា ដើម្បី ពិភាក្សា ស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ានម៉ា ។
សារព័ត៌មាន Myanmar Now នៅថ្ងៃពុធនេះ បានរាយការណ៍ថា គណៈកម្មាធិការព្រះសង្ឃនៃប្រទេសមីយ៉ាន់ម៉ា ហៅកាត់ Mahana ក្នុងសេចក្តីថ្លែងការណ៍ព្រាងមួយ ក៏បានបញ្ជាក់ដែរថា សមាជិកខ្លួនមានបំណងនឹងផ្អាកសកម្មភាពនានា ក្នុងន័យជាសញ្ញាតវ៉ាមួយចំពោះទង្វើរបស់យោធា។ យ៉ាងណាក្តី គណៈកម្មាធិការ Mahana គ្រោងនឹងចេញសេចក្តីថ្លែងការណ៍ចុងក្រោយមួយជាផ្លូវការ ក្រោយពិគ្រោះជាមួយរដ្ឋមន្ត្រីកិច្ចការសាសនា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា ក្រុមព្រះសង្ឃនៅមីយ៉ាន់ម៉ា គឺជាកម្លាំងតស៊ូជួរមុខនៃចលនាបដិវត្តន៍ប្រឆាំងនឹងរបបយោធា កាលពីឆ្នាំ២០០៧ ដើម្បីជួយត្រួសត្រាយផ្លូវ សម្រាប់ការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ បើតាមក្រុមសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ចាប់តាំងតែពីភាពវឹកវរបានផ្ទុះឡើង កាលពីដើមខែកុម្ភៈមក បាតុករជាង១៨០នាក់ហើយ បានបាត់បង់ជីវិត ក្រោមការបង្ក្រាបរបស់អាជ្ញាធរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។