ថ្ងៃនេះ រកឃើញករណីឆ្លងថ្មី ៣៦នាក់ទៀត ខណៈមានអ្នកជាពីជំងឺកូវីដរហូតដល់ ៥៨នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៦នាក់ថែមទៀត ខណៈមានអ្នកព្យាបាលជាសះស្បើយចំនួន ៥៨នាក់។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ថ្មីទាំង ៣៦នាក់នោះ មាន ៣៥នាក់ ជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និងម្នាក់ទៀត ជាករណីនាំចូលពីក្រៅប្រទេស។ ក្នុងចំណោម អ្នកឆ្លងក្នុងសហគមន៍ គឺមាន ជនជាតិខ្មែរ ជនជាតិចិន និងវៀតណាម ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។
ចំណែកអ្នកជាសះស្បើយចំនួន ៥៨នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ ៥៤នាក់ និង៤នាក់ទៀត ជាអ្នកដំណើរមកពីក្រៅប្រទេស ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន និងត្រូវបានអនុញ្ញាតឲ្យចេញពីកន្លែងសម្រាកព្យាបាល។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១ ៥៤១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៩៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦៤០នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩។ សម្រាប់ករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ គឺកើនឡើង ១ ០២៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។