ហ៊ានណាស់ ក្លែងផលិតផលគ្រឿងសំអាងម៉ាក NNP លក់ចែកចាយពេញខេត្តសៀមរាប ពេលនេះសមត្ថកិច្ចចុះបង្រ្កាបដល់ទីតាំងបោះដំក្នុងផ្សារលើធំថ្មី ក្នុងខេត្តសៀមរាប

នៅព្រឹក​ថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២១នេះ កម្លាំង​ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត​សៀមរាប បាន​ចុះ​ទៅ​ធ្វើ​ការ​បង្រ្កាប​ទីតាំង​លក់ផលិតផល NNP ក្លែងក្លាយស្ថិត​នៅ​ផ្សារលើធំថ្មី ក្រុងសៀមរាប ព្រមទាំងទីតាំងផ្សេងៗទៀត។

ការចុះបង្រ្កាបនេះ គឺបានធ្វើ​ឡើង​ដោយ​យោង​តាម​ពាក្យ​បណ្តឹង​របស់​ក្រុមហ៊ុន ដាណាទ្រី ដោយ​ថា តូប​មួយស្ថិត​នៅ​ផ្សារ​លើធំថ្មី ខេត្ត​សៀមរាប ដែលមាន​ម្ចាស់ឈ្មោះ បូរាណ បានលក់​ផលិតផល NNP ក្លែងក្លាយ ហើយ​ក៏​មាន​ទីតាំងផ្សេងៗទៀត ក៏​កំពុង​ចរាចរណ៍លួច​ក្លែង​ម៉ាក​របស់​ផលិតផល​នោះផងដែរ។

មេធាវីរបស់​ក្រុមហ៊ុន NNP បានលើក​ឡើងថា ករណីនេះ គឺជា​ករណីមិន​អាច​អត់អោនឲ្យ​បានទេ ហើយ​ទាមទារ​ឲ្យ​ផ្តន្ទាទោស​ជនល្មើស​ទៅតាម​ផ្លូវ​ច្បាប់​ឲ្យ​ធ្ងន់ធ្ងរ និង​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ១០ម៉ឺនដុល្លារអាមេរិក។

សូមបញ្ជាក់ដែរថា ក្នុងការ​ចុះបង្រ្កាប​កាលពីព្រឹកមិញ សមត្ថកិច្ច​បានធ្វើការឃាត់ខ្លួនស្រ្តីម្ចាស់ទីតាំង ព្រមទាំងដកហូតផលិតផលក្លែងម៉ាករួមមាន សេរ៉ូមបន្តក់លាបមុខចំនួន០៤ដប ឡេលាបខ្លួនចំនួន ២៥កំប៉ុង ម្សៅបំបាត់មុនការពារកំដៅថ្ងៃចំនួន ២៤៣ ក្រឡតូច សាប៊ូដុសខ្លួនចំនួន០៦ដប សាប៊ូលាងមុខ ០៥ដប និងឡេលាយគ្មានម៉ាកចំនួន១០៣កំប៉ុង។

បន្ទាប់ពីធ្វើការឃាត់ខ្លួនរួចហើយ សមត្ថកិច្ច​បានបន្ត​ចុះ​ទៅស្រាវជ្រាវ​រកកន្លែងផលិតបន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close