អាមេរិក៖ ពីមុនរើសអើងជនជាតិស្បែកខ្មៅ ពេលនេះជនជាតិអាស៊ីវិញម្តង
ពលរដ្ឋអាស៊ី ដែលរស់នៅអាមេរិក បារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ខ្លួន ក្រោយមានករណីវាយប្រហារ បាញ់ប្រហារជាច្រើនលើកមកលើពលរដ្ឋអាស៊ី។ ជាក់ស្តែងករណីបាញ់ប្រហារនៅហាងម៉ាស្សា បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ជនជាតិអាមេរិកដើមកំណើតអាស៊ី។
បើទោះបីមិនទាន់រកឃើញមូលហេតុច្បាស់លាស់ ពាក់ព័ន្ធករណី ជនជាតិអាស៊ី៦នាក់ស្លាប់ ដោយការបាញ់ប្រហារនៅក្នុងហាងម៉ាស្សា របស់ជនជាតិអាស៊ី នៅGeorgia បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ជនជាតិអាស៊ីរស់នៅអាមេរិក។
ករណីបាញ់ប្រហារនៅហាងម៉ាស្សា និងស្ពា (Spa)ចំនួន ៣កន្លែង នៅGeorgia បណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ ក្នុងនោះមាន ៦នាក់ ជាជនជាតិអាស៊ី ។ ចាប់តាំងពីការផ្ទុះកូវីដ១៩ នៅក្នុងទឹកដីអាមេរិក ។ ការរើសអើងជាតិសាសន៍ជាមួយជនជាតិអាស៊ី ក៏បានកើតឡើង ដោយសារតែ មានការចោទប្រកាន់ ថាកូវិដ ១៩ កើតចេញពីចិន ។ មិនតែប៉ុណ្ណោះ អតីតប្រធានាធិបតី ធ្លាប់ហៅ វីរុសកូវីដ ១៩ ជាវីរុសចិន។
ការដែលពលរដ្ឋរងការសម្លាប់នៅក្នុងរដ្ឋGeorgia ដូចជាការព្រមានដល់ជនជាតិអាស៊ីដែលរស់នៅក្នុងទឹកដីអាមេរិក ។ ពលរដ្ឋអាស៊ី កីដូចជាបណ្តាហាង ផ្សេងៗ បារម្ភយ៉ាងខ្លាំង អំពើហិង្សាសំដៅទៅលើពលរដ្ឋអាស៊ី។
កាលពីថ្ងៃទី ១៧ ខែមីនា ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសថា មានជនរងគ្រោះ៤នាក់ក្នុងចំណោមអ្នកស្លាប់គឺជាជនជាតិកូរ៉េខាងត្បូង ។ ប៉ូលិសអាមេរិក ក៏បានចាប់ខ្លួនបុរសវ័យ២១ឆ្នាំឈ្មោះ Robert Aaron Long ។
មនុស្សជាច្រើន បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពីការរើសអើងជាតិសាសន៍ សំដៅទៅលើជនជាតិ អាស៊ី ។ ប៉ុន្តែកម្លាំងប៉ូលិសGeogia បានបញ្ជាក់ថា ជនដៃដល់ បាញ់ប្រហារមានគោលដៅផ្សេងមិនម៉ែនជា ការរើសអើងជាតិសាសន៍ឡើយ។
បណ្តាតំណាងរាស្ត្រ អាមេរិកមានដើមកំណើតអាស៊ី បានបង្ហាញក្តីបារម្ភពីបញ្ហាដែលកំពុងតែកើតឡើង នៅក្នុងទឹកដីអាមេរិក នាពេលនេះ ។ បើមិនមានវិធានការ ទប់ស្កាត់ទេនោះ ស្ថានភាពកាន់តែអាកក្រក់ ការរើសអើងជាតិសាសន៍ គ្រប់ដណ្តប់នៅអាមេរិក ហើយពលរដ្ឋអាស៊ី នឹងក្លាយជាជនរងគ្រោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។