ថ្ងៃនេះ កូ​វីដ​១៩ រកឃើញ​អ្នក​ឆ្លង ៧៣​នាក់ មាន​៧១​នាក់ ឆ្លង​ក្នុង​សហគមន៍

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​បញ្ជាក់​ពី​ការ បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៧៣​នាក់​បន្ថែមទៀត ខណៈ​អ្នកជំងឺ​ចំនួន​១៧​នាក់​បានជា​សះស្បើយ​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទាំង ៧៣​នាក់​នោះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ៧១​ករណី មាន​ជនជាតិខ្មែរ ៦៧​នាក់ ជន​ជ​សតិ​ចិន ៤​នាក់ ដែល​រកឃើញ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្តកំពង់ធំ ខេត្តកណ្តាល និង​ខេត្តសៀមរាប និង​២​នាក់​ទៀត ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​។

​ចំណែក​ករណី​ជាសះស្បើយ​ទាំង ១៧​នាក់ ជា​អ្នក​ឆ្លង​ក្នុង​សហគមន៍ មាន​ជនជាតិខ្មែរ និង​ជនជាតិ​ចិន​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១ ៧៥៣​នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ ៩៦៧​នាក់ កំពុង​សម្រាក​ព្យាបាល ៧៨១​នាក់ ស្លាប់​ដោយ​កូ​វីដ​១៩ ៣​នាក់ និង​២​នាក់​ទៀត ស្លាប់​ដោយសារ​ជំងឺ​រើ​ឡើង ក្នុងពេល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​។ សម្រាប់​អ្នក​ឆ្លង​ក្នុង​សហគមន៍ គឺ​កើនឡើង ១ ២៣៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close