អូស្ត្រាលី ជម្លៀស​ប្រជាជន ចេញពី​តំបន់​ជាយក្រុង​ស៊ីដនី រងគ្រោះ​ដោយ​ទឹកជំនន់

​អូស្ត្រាលី​៖ អាជ្ញាធរ​អូស្ត្រាលី​នៅ​ថ្ងៃ​ចន្ទ​នេះ មាន​ផែនការ​ជម្លៀស​ប្រជាជន​រាប់ពាន់នាក់​បន្ថែមទៀត ចេញពី​តំបន់​ជាយក្រុង​ស៊ីដនី​ភាគ​ខាងលិច ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​អាក្រក់​បំផុត​ក្នុង​រយៈពេល​៦០​ឆ្នាំ ខណៈ​ភ្លៀង​ធ្លាក់​ឥតឈប់ឈរ​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​បន្ត​ធ្លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​

​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ បានធ្វើ​ឲ្យ​ទឹកទន្លេ​នៅក្នុង​រដ្ឋ​ដែលមាន​ប្រជាជន​ច្រើន​បំផុត New South Wales ឡើង​យ៉ាងគំហុក ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​យ៉ាង​ធំធេង និង​ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ជម្លៀស​ប្រជាជន​ទ្រង់ ទ្រាយ​ធំ ។ សេវា​គ្រាអាសន្ន​រដ្ឋ​នេះ បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃអាទិត្យ​ថា ទឹកជំនន់​នេះ ទំនងជា​ខ្ពស់ជាង​ទឹកជំនន់​ណាៗ​ទាំងអស់​គិត​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​១៩៦១​មក ។

​អាជ្ញាធរ​រំពឹងថា អាកាសធាតុ​អាក្រក់​នឹង​បន្ត​រហូតដល់​ថ្ងៃ​ពុធ​សប្តាហ៍​នេះ​។ ដោយឡែក​ការិយាល័យ​អាកាសធាតុ​របស់​អូស្ត្រាលី​បានបញ្ជាក់​ថា ផ្នែក​ធំៗ​នៃ​ឆ្នេរ​ភាគ​ខាងកើត​របស់​ប្រទេស នឹងរង​ការវាយប្រហារ​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ទៅ ខណៈ​ការព្រមាន​អំពី​ទឹកជំនន់​ធ្ងន់ធ្ងរ​ត្រូវ​បានចេញ​សម្រាប់​ផ្នែក​ធំៗ​នៃ​រដ្ឋ New South Wales និង រដ្ឋ Queensland ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close