ស្ត្រីម្នាក់ រត់ពីខេត្តព្រះសីហនុ មកសំងំលាក់ខ្លួនក្នុងផ្ទះនៅខេត្តកែប មានផ្ទុកកូវីដ១៩

ខេត្តកែប៖ រដ្ឋបាលខេត្តកែប បានចេញសេចក្តីជូនដំណឹងដល់សាធារណជនឱ្យដឹងថា តាមលទ្ធផលដែល ប្រកាសដោយក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ខេត្តកែបមានបុគ្គលវិជ្ជមានកូវីដ១៩ ចំនួន០១នាក់ ឈ្មោះ ប៉ែន ហេង ភេទស្រី អាយុ ៣៤ឆ្នាំ មានមុខរបរ ជាជំនួយការចុងភៅនៅកាស៊ីណូ ហ៊ួយហ័រ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកដល់ខេត្តកែប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីយប់ តាមរយៈមធ្យោបាយម៉ូតូផ្ទាល់ខ្លួន ដោយសំងំលាក់ខ្លួននៅផ្ទះ។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ បានទទួលដំណឹងវិលត្រឡប់មកវិញរបស់បុគ្គលរូបនេះ ក្រុមឆ្លើយតបបន្ទាន់បានចុះទៅពិនិត្យ សួរនាំធ្វើការវាយតម្លៃហានិភ័យ និងបាននាំយកបុគ្គលរូបនេះធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ព្រមទាំងបានយកសំណាកនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ទើបទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តកែប បានប្រកាសឲ្យបងប្អូនផ្សេងៗទៀត ដែលធ្លាប់មានទំនាក់ទំនងជាមួយបុគ្គលវិជ្ជមាន និងមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស ឈឺបំពង់ក ពិបាកដកដង្ហើម សូមទំនាក់ទំនងក្រុមការងារ តាមរយៈ ទូរស័ព្ទលេខ ០១៦ ៣៣៤ ៣៣៣ ឬ០១២ ៤៩៣ ៣១៤ ដើម្បីធ្វើតេស្តសំណាកឱ្យបានឆាប់បំផុត។ ដោយ ឡែក ចំពោះអ្នកដែលប៉ះពាល់ដោយប្រយោលជាមួយបុគ្គលរូបនេះ សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើ ចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅផ្ទះខ្លួនឯង សំដៅចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។