ម៉ូតូកង់បី ព្រលះរថយន្តពីក្រោយ លើផ្លូវជាតិលេខ៤ ស្លាប់ម្នាក់នៅនឹងកន្លែង

ខេត្តព្រះសីហនុ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ នៅលើផ្លូវជាតិលេខ៤ កាលពីម៉ោង៥ព្រឹក ទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ នៅក្នុងភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូកង់បី ១គ្រឿង ពណ៌ក្រហម ទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ លុះមកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត ១គ្រឿង ម៉ាកHINO ពណ៌ស-ក្រហម ពាក់ផ្លាកលេខភ្នំពេញ 3E-8341 ដែលខូចនៅលើផ្លូវ ទិសដៅស្របគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូកង់បី ស្លាប់នៅនឹងកន្លែងតែម្តង។
ជនរងគ្រោះឈ្មោះ គឹម សំភាស់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្លូវលំ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រីឯអ្នកបើកបររថយន្ត ឈ្មោះ ភា ភាន់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិក្រាំងអំពិល ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្នរថយន្ត និងម៉ូតូ នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់។ ចំណែកសាកសពជនរងគ្រោះរង់ចាំប្រគល់ជូនក្រុមគ្រួសារ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។