ស្ថានភាពនៃការឆ្លងកូវីដ១៩ នៅថៃ មានសញ្ញាកើនឡើងខ្ពស់
កាលពីសប្តាហ៍កន្លងមក ការឆ្លងកូវីដ ១៩ នៅក្នុងប្រទេសថៃ បានធ្លាក់ចុះ ដោយមានករណីឆ្លង ក្រោម១០០នាក់ក្នុងមួយថ្ងៃ ។ ប៉ុន្តែនៅពេលនេះថៃរកឃើញអ្នកឆ្លងកើនឡើងដល់ទៅ ជាង ៤០០នាក់ ជាចំនួនកើនឡើងជាថ្មី។
សារព័ត៌មានបាំងកកប៉ុស្ត៍បានផ្សាយថា នៅថ្ងៃទី២៣ខែមីនានេះ អាជ្ញាធរថៃបានប្រកាសពីការរកឃើញ ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៤០១នាក់ ដែលអត្រាដ៏ខ្ពស់ខ្លាំងមួយ ធៀបនឹងមួយរយៈចុងក្រោយនេះ ហើយក៏មានអ្នកជំងឺម្នាក់ទៀតបាត់បង់ជីវិតផងដែរ។
ក្នុងចំណោមករណីឆ្លងថ្មីៗនោះ មាន៣៨៣ករណីជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង១៨ករណីជាករណីនាំចូលមកពីក្រៅប្រទេស។ សម្រាប់ការរាយការណ៍នាថ្ងៃអង្គារនេះ ទីក្រុងបាងកកគឺជាកន្លែង ដែលមានករណីឆ្លងក្នុងស្រុកថ្មីៗច្រើនជាងគេ ពោល ៩២ភាគរយនៃករណីឆ្លងថ្មីៗទាំងនោះនៅក្នុងស្រុក ត្រូវបានរកឃើញនៅក្នុងរាជធានីនៃប្រទេសថៃ។ ចំណែក អ្នកជំងឺម្នាក់ទៀតដែលទើបតែបាត់បង់ជីវិត គឺជាបុរសជនជាតិថៃម្នាក់អាយុ៧៥ឆ្នាំ។
គួរបញ្ជាក់ថា គិតមកទល់ឥឡូវ ថៃបានរកឃើញអ្នកឆ្លង COVID-19 សរុប ២៨,២៧៧នាក់ ក្នុងនោះមាន២៦,៧៦៦នាក់បានជាសះស្បើយ និង៩២នាក់បានស្លាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។